ជនដៃដល់ដែលបានធ្វើសកម្មភាពយកកាំបិតចាក់ សម្លាប់ បុរសម្នាក់ និងម្នាក់ទៀតរបួស រួចគេចខ្លួន ពេលនេះចាប់ខ្លួនបានហើយ
ជនដៃដល់ដែលបានធ្វើសកម្មភាពយកកាំបិតចាក់ សម្លាប់ បុរសម្នាក់ និងម្នាក់ទៀតរបួស រួចគេចខ្លួន ពេលនេះចាប់ខ្លួនបានហើយ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា ដោយទទួលបានបទបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងសម្របសម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងសហការណ៍ជាមួយលោក វរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
លោកបន្តថា៖ ការឃាត់នេះពាក់ព័ន្ធករណីឃាតកម្ម កាលពីវេលាម៉ោង ២២:០៥នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
គួរបញ្ជាក់ថា៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង០៥នាទី មានករណីឃាតកម្មត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ បានផឹកស៊ីជាមួយជនរងគ្រោះ ០២នាក់ ១.ឈ្មោះ រិន លាប ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ ធ្វើស្រែ ២. ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ធ្វើស្រែ។ អ្នកទាំងពីរ រស់នៅភូមិកើតហេតុខាងលើ ដោយពេលកំពុងផឹកស៊ីនោះ ក៏មានទំនាស់ពាក្យសម្តីនិងគ្នា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានយកកាំបិតចុងស្រួចពណ៌សដែលហាន់សាច់ខ្លែម ចាក់មកលើជនរងគ្រោះ ឈ្មោះ រិន លាប ១កាំបិត ត្រូវចង្កេះ និងចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើម ១កាំបិត ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់។
ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានបងប្អូនដឹកយកទៅពេទ្យទាំងយប់ បានពាក់កណ្តាលផ្លូវ ជនរងគ្រោះ ឈ្មោះ រុន ដូង បានស្លាប់ នៅសល់ជនរងគ្រោះឈ្មោះ រិន លាប រងរបួសធ្ងន់ កំពុងព្យាបាល នៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់ម៉ោង ១៦ និង ០០នាទី ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ ទើបឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ ជិន វណ្ណា ដែលកំពុងលាក់ខ្លួនក្នុងព្រៃបានតែម្តង។
ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះពិតប្រាកដមែន។
បច្ចុប្បន្បនេះជនសង្ស័យកំពុងត្រូវបានកម្លាំង ជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
No comments