ពាក់ព័ន្ធទៅនិងការចោទប្រកាន់ថា មន្ត្រីយាមមណ្ឌលព្យាបាលកូវីដស្តាតអូឡាំពិក ទារលុយពីសាច់ញាតិអ្នកជំងឺ ជាថ្នូរឲ្យយកម្ហូបចូលនោះ គឺមិនពិតទេ
ពាក់ព័ន្ធទៅនិងការចោទប្រកាន់ថា មន្ត្រីយាមមណ្ឌលព្យាបាលកូវីដស្តាតអូឡាំពិក ទារលុយពីសាច់ញាតិអ្នកជំងឺ ជាថ្នូរឲ្យយកម្ហូបចូលនោះ គឺមិនពិតទេ
ភ្នំពេញ៖ មានគណនីហ្វេសបុកចំនួន២ បង្ហោះព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរបស់កងកម្លាំងនគរបាលជាតិ ដែលថា មន្ត្រីនគរបាលយាមនៅច្រកចេញ-ចូលមណ្ឌលព្យាបាលជំងឺកូវីដ-១៩ស្តាតអូឡាំពិក ទារលុយពីប្រជាពលរដ្ឋ ចាប់ពី ២០,០០០រៀល ទៅ ៤០,០០០រៀល ជាថ្នូរនឹងការអនុញ្ញាតឲ្យយកម្ហូបអាហារ ផ្តល់ទៅឲ្យសាច់ញាតិ ជាអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅទីនោះ។
បើតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា បន្ទាប់ពីបានឃើញការចុះផ្សាយរបស់គណនីហ្វេសបុកទាំង២ មួយឈ្មោះថា«Heng Sothea» និង «ព័ត៌មាន សុខភាព កំសាន្ត» លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមការងារ សហការជាមួយកម្លាំងជំនាញរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះស្រាវជ្រាវភ្លាមៗ ដល់ទីតាំងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ស្តាតអូឡាំពិក បន្ទាប់ពីធ្វើការសាកសួរលម្អិត បានឲ្យដឹងថា មិនមានមន្ត្រីនគរបាលណាម្នាក់ យកលុយពីប្រជាពលរដ្ឋនោះទេ ហើយកម្លាំងប្រចាំការគោលដៅច្រកចេញចូល បានអនុវត្តយ៉ាងតឹងរឹង តាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់របស់ក្រុមគ្រូពេទ្យ។
បុគ្គលដែលផុសព័ត៌មានមិនពិតនោះ ក្នុងគោលបំណងអាក្រក់ ដើម្បីបង្ខូចកិត្តិយសរបស់កងកម្លាំង ដែលតែងតែលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងពេលវេលា ដោយប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង តាមគោលដៅធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលម្រិតស្រាល។
បញ្ហាដែលធ្វើឲ្យបុគ្គលនោះ ប្រហែលជាខឹង ហើយផុសព័ត៌មានមិនពិត គឺដោយសារតែ មានបុគ្គលរូបនោះ យកម្ហូបអាហារ មកឲ្យសាច់ញាតិរបស់ខ្លួន ដែលកំពុងសម្រាកព្យាបាលកូវីដ នៅស្តាតអូឡាំពិក ខុសពេលវេលា ដែលគ្រូពេទ្យកំណត់ ជាច្រើនលើកច្រើនសារ និងមិនអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដូច្នេះហើយទើបសមត្ថកិច្ចប្រចាំការតាមច្រកចេញ-ចូល មិនអនុញ្ញាតឲ្យចូល ហើយក៏មានការខឹងនឹងសមត្ថកិច្ច ដែលបានអនុវត្តតឹងរឹង បែរជាទៅចុះផ្សាយខុសពីការពិត ចោទប្រកាន់មកលើសមត្ថកិច្ចទៅវិញ។
ក្រោយពីការបង្ហោះរូបភាព០២សន្លឹក និងខ្លឹមសារមិនមែនការពិត បានរយៈពេលប្រហែលជា០៣ម៉ោង ម្ចាស់គណនីរូបនេះ ហាក់បីដូចជាដឹងខ្លួនមុន ក៏បានលុបព័ត៌មានចោលវិញ។
ទោះជាយ៉ាងណា ពេលនេះ សមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងតែស្រាវជ្រាវរកម្ចាស់គណនីដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់៕
No comments