ថៅកែដីឡូត៍២នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តធ្លាក់ចូលព្រែកលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម
ថៅកែដីឡូត៍២នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តធ្លាក់ចូលព្រែកលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម
ខេត្តកណ្ដាល៖ ចេញពីកន្លែងផឹកស៊ី យីហោ ប៉ាវចិន៦៨ ថៅកែដីឡូតិ៍ និងបនភឿនម្នាក់ទៀត បើករថយន្តទាំងស្រវឹងជោកជាំ រ៉េចង្កូតធ្លាក់ចូលទឹកព្រែក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ នៅយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ចំណុចខាងលិចផ្លូវជាតិលេខ២១ ខាងត្បូងព្រែកសែម ស្ពានទី៦៨ ស្ថិតនៅក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
សពជនរងគ្រោះ ឈ្មោះ ហាក់ សេងលឹម ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរដីឡូតិ៍ នៅភ្នំពេញ និងឈ្មោះ ស៊ាង រី ភេទប្រុស រស់នៅភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុខាងលើជនរងគ្រោះទាំង២នាក់បានចេញពី កន្លែងផឹកស៊ីខាងលើរបស់ឈ្មោះ ហឿន ធី បានបើកបររថយន្តម៉ាក លុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH 5293 បើកបរមានទិសដៅពីលិច ទៅកើត។ ពេលបើកបរមកដល់ចំណុចកើតហេតុ ចេញផ្លូវបេតុង ឡើងផ្លូវជាតិ២១ ស្រាប់តែ រ៉េចង្កូត ទៅទិសខាងជើង ធ្លាក់ចូលព្រែក ទើបបណ្ដាលអោយរថយន្តជនរងគ្រោះលិចក្នុងព្រែកស្លាប់ នៅកន្លែងកើតហេតុតែម្ដង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យ ដឹងថា ជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹងជោកជាំក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូតទៅទិសខាងជើង ធ្លាក់ចូលទឹកព្រែកបណ្ដាលឲ្យស្លាប់តែម្ដងទៅ។
ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញ និងប៉ុស្ដិ៍រដ្ឋបាលបានចុះទៅដល់កន្លែងកើតហេតុជួយស្រងយកសពទាំង២នាក់និងរថយន្តឡើងគោក ដឹកដោយរថយន្តសារ៉ែន របស់អធិការដ្ឋានស្រុកកោះធំ ដើម្បីប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments