ក្រុមហ៊ុនកាយផ្លូវដាក់លូគ្មានច្បាប់ របស់លោក ស៊ឹម ចាន់មករា បានដាក់មេប្រូចដកគ្រឿងចក្ររត់ចោលគម្រោង ដោយបន្សល់ទុកនូវក្តីបារម្ភដល់ប្រជាពលរដ្ឋ យ៉ាងពន់ពេក
ក្រុមហ៊ុនកាយផ្លូវដាក់លូគ្មានច្បាប់ របស់លោក ស៊ឹម ចាន់មករា បានដាក់មេប្រូចដកគ្រឿងចក្ររត់ចោលគម្រោង ដោយបន្សល់ទុកនូវក្តីបារម្ភដល់ប្រជាពលរដ្ឋ យ៉ាងពន់ពេក
ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២១:៥៩នាទីរត់ចោលគម្រោងហើយ ក្រុមហ៊ុនហេងស៊យរបស់លោក ស៊ឹម ចាន់មករា ដែលបានរៀបចំគម្រោងកាយផ្លូវដាក់លូដោយចិត្តឯង ពេលនេះបានដាក់មេប្រូចដកគ្រឿងចក្ររត់ចោលគម្រោងហើយ ដោយបន្សល់ទុកនូវក្តីព្រួយបារម្ភយ៉ាងពន់ពេកដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាន។
ផ្លូវបេតុងមួយខ្សែតាមបណ្ដោយមណ្ឌលអប់រំកែប្រែទី១ក្នុងសង្កាត់ពងទឹក និងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីចំណុចភូមិរោលជ្រូក រហូតទល់ផ្លូវ៣០ម៉ែត្រព្រៃស កំពុងតែរង់ការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលក្រុមហ៊ុនឯកជនរបស់លោក ស៊ឹម ចាន់មករា បានរួមគំនិតជាមួយមន្ត្រីគ្រាប់ល្ពៅមួយក្តាប់តូចនៅក្នុងមូលដ្ឋានបង្កើតគម្រោងហេងស៊យដោយគ្មានច្បាប់អនុញ្ញាតពីថ្នាក់លើ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ក្រុមឯកជនហេងស៊យរបស់លោក ស៊ឹម ចាន់មករា បានបើកគម្រោងដាក់លូ តាមបណ្តោយផ្លូវខាងលើ ដោយតម្រូវឱ្យប្រជាពលរដ្ឋបង់លុយជូនដល់ក្រុមហ៊ុន ដើម្បីទិញលូរបស់ខ្លួនដាក់តាមបណ្តោយផ្លូវមុខផ្ទះរៀងៗខ្លួន ដោយគិតលូមួយកង់មានមុខកាត់ ៨តឹក ប្រវែង 1m តម្លៃ55$ (ហាសិបប្រាំដុល្លារ) ខណៈដែលក្រុមហ៊ុននេះ មិនមានបច្ចេកទេសក្នុងការរៀបចំប្រព័ន្ធលូ ពិតប្រាកដនោះទេ។
ប្រភពដដែលបានបន្តទៀតថា៖ មូលហេតុដែលក្រុមហ៊ុនហ៊ានឈានដល់ការកាយផ្តាច់ផ្លូវមុខផ្ទះរបស់ប្រជាពលរដ្ឋទាំងនោះ ដោយសារមានការរួមគំនិតពីសំណាក់មន្ត្រីគ្រាប់ល្ពៅស្ងោរទី១ បានបញ្ចុះបញ្ចូលគៀងគរពលរដ្ឋ ឱ្យផ្តិតមេដៃយល់ព្រមធ្វើទៅតាមគម្រោងរបស់ក្រុមហ៊ុនខាងលើ ខណៈដែលប្រជាពលរដ្ឋខ្លះរងការខ្វះខាតយ៉ាងខ្លាំង ដោយរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មានលុយឯណារហូតដល់រាប់រយ រាប់ពាន់ដុល្លារ ទិញលូដាក់ផ្លូវនោះ។
ពាក់ព័ន្ធទៅនឹងគម្រោងហេងស៊យគ្មានច្បាប់នេះដែរ លោកចៅសង្កាត់ពងទឹក និងលោកស្រីចៅសង្កាត់ព្រៃវែង បានឱ្យដឹងថា៖ «គម្រោងនេះគឺជាគម្រោងឯងជន ជាគម្រោងគ្មានច្បាប់ និងគ្មានការដឹងឮដល់ថ្នាក់លើបន្តិចនោះទេ សូម្បីតែខាងសង្កាត់ក៏មិនដឹងដែរ» ពោល៖ គឺជាគម្រោងហេងស៊យរបស់លោក ស៊ឹម ចាន់មករា ដែលគេស្គាល់ថាជាមន្ត្រីដែលមានឥទ្ធិពល បានរួមគំនិតគ្នាជាមួយនិងមន្ត្រីគ្រាប់ល្ពៅស្ងោរមួយក្ដាប់តូចតែប៉ុណ្ណោះ។
បញ្ហានេះប្រជាពលរដ្ឋ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់សុខសុវត្ថិភាពរបស់ពួកគាត់ ខណៈដែលក្រុមហ៊ុនឯកជនមួយនេះបានដកគ្រឿងចក្រដាក់មេប្រូចរត់បាត់ស្រមោល ដោយទុកចោលគម្រោង មិនខ្វល់ពីបញ្ហាបាក់ស្រុតរបង ផ្ទះ ព្រំដី ឬ បាក់ស្រុតផ្លូវថ្នល់ បន្តិចឡើយ ជាពិសេសទៀតនោះក្មេងតូចៗ ប្រឈមខ្លាំងក្នុងការធ្លាក់ចូលរណ្តៅលង់ទឹកស្លាប់ជាយថាហេតុ ដោយសារតែការកាយផ្តាច់ផ្លូវពីសំណាក់ក្រុមហ៊ុនកាយផ្លូវដាក់លូ របស់លោក ស៊ឹម ចាន់មករា នេះឯង។
ជុំវិញករណីខាងលើនេះដែរ ក្រុមការងារសារព័ត៌មាន បានទំនាក់ទំនងសុំការបំភ្លឺពីលោក ស៊ឹម ចាន់មករា ម្ចាស់ក្រុមហ៊ុនធ្វើលូ លោកឆ្លើយយ៉ាងរំភើយដោយគ្មានខ្វល់ខ្វាយថាអស់លទ្ធភាពហើយឱ្យអាជ្ញាធរជាអ្នកដោះស្រាយទៅ។
ករណីការជីកកាយពីសំណាក់ ក្រុមហ៊ុនលោក ស៊ឹម ចាន់មករា គឺកំពុងតែធ្វើឱ្យស្ថានភាពផ្លូវបេតុងមួយខ្សែនេះ ប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលផ្លូវដែលបានកាយ ទាំងនោះ មិនមានការដាក់លូនោះទេ ហើយផ្លូវទាំងនោះក៏កំពុងតែក្លាយទៅជាប្រឡាយទឹក ។ ម្យ៉ាងវិញទៀតប្រសិនបើជាមានភ្លៀងធ្លាក់ប្រាកដជាមានការបែកភក់ជ្រាំពាសពេញផ្លូវ ព្រោះហេតុថាអាចម៍ដីដែលបានកាយចេញមក នៅពូនពាសពេញផ្លូវ តែម្តង។
ប្រជាពលរដ្ឋជាច្រើន ក៏ដូចជាអ្នកធ្វើដំណើរសូមសំណូមពរដល់អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយដោះស្រាយបញ្ហាខាងលើនេះផង និងសូមឱ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់គ្រឿងចក្រដែលរួមគំនិតគ្នាកាយបំផ្លាញផ្លូវខាងលើនេះផងទាន៕
សូមបញ្ជាក់ឱ្យកាន់តែច្បាស់ដែរថា៖ ក្រុមហ៊ុនលក់លូដាក់លូរបស់លោក ស៊ឹម ចាន់មករា បានរៀបចំគម្រោងដាក់លូតាមបណ្តោយផ្លូវក្នុងមូលដ្ឋានខាងលើ ដោយតម្រូវឱ្យប្រជាពលរដ្ឋតាមមុខផ្ទះតាមក្បាលដីនីមួយៗបង់លុយថ្លៃលូ ដោយលូមួយកង់មានមុខកាត់ ៨តឹក ប្រវែង 1m តម្លៃ55$ (ហាសិបប្រាំដុល្លារ) ខណៈពេលកាយផ្តាច់ផ្លូវមុខផ្ទះពលរដ្ឋនីមួយៗហើយបានទារលុយពីពលរដ្ឋ តែជាអកុសលពលរដ្ឋខ្លះក៏គ្មានលុយ ទើបបណ្តាលឱ្យគម្រោងហេងស៊យគ្មានច្បាប់ខាងលើនេះត្រូវបរាជ័យ ហើយក៏សម្រេចចិត្តបើកគ្រឿងចក្រដើរចេញដោយគ្មានការទទួលខុសត្រូវចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប៉ះពាល់យ៉ាងខ្លាំងចំពោះ សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកធ្វើដំណើរជាដើម៕
No comments