គ្រឹះស្ថានអម្រឹត បិទទ្វារទុកចោល ត្រូវបានគេទម្លាយថាកំពុងតែលួចបង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ ក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលកំពុងតែបិទទ្វារទុកចោលមួយកន្លែង ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុក ទម្លាយថាជាកន្លែង លួចលាក់បង្កើតបទល្មើសលេងល្បែងស៊ីសងខុសច្បាប់។
យោងតាមប្រភពព័ត៌មាននៅថ្ងៃទី៣១ មករា២០២៥ បានឱ្យដឹងថា៖ ត្រង់ចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាទីតាំងបិទទ្វារទុកចោល គឺជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់យ៉ាងធំ ដោយលួចបើកដំណើរការយ៉ាងស្ងប់ស្ងាត់។
ទាក់ទិនទៅនិងករណីខាងលើ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងគង លោក យ័ន្ត សន បានថ្លែងប្រាប់សារព័ត៌មានកងមាស នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះថា ទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតខាងលើនេះ ត្រូវបានកម្លាំងអាវុធហត្ថ បង្រ្កាបកាលពីជាងពីរសប្ដាហ៍មុនរួចមកហើយ។
យ៉ាងណាក្រោយពីមានការបង្ក្រាបពីសមត្ថកិច្ចការកាលពីជាងពីរសប្ដាហ៍មុនមែនពិត ប៉ុន្តែឥឡូវទីតាំងមួយនេះត្រូវបានគេទម្លាយទៀតហើយថា ជាទីកន្លែងដែលកំពុងតែលួចលាក់លេងល្បែងស៊ីសងខុសច្បាប់យ៉ាងស្ងប់ស្ងាត់ ដោយរលូនតែម្តង។
ដើម្បីភាពសុវត្តិភាពស្របតាមគោលនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាលប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង សូមជួយបង្ក្រាបទប់ស្កាត់ទីតាំងខាងលើនេះម្តងទៀតផងទាន៕





No comments