សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប្រើប្រាស់ កាំភ្លើងបាញ់សត្វ បាញ់ត្រូវក្មេងប្រុសម្នាក់ ឲ្យស្លាប់នៅខណ្ឌកំបូល

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប្រើប្រាស់ កាំភ្លើងបាញ់សត្វ បាញ់ត្រូវក្មេងប្រុសម្នាក់ ឲ្យស្លាប់នៅខណ្ឌកំបូល
ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីប្រើប្រាស់ កាំភ្លើងបាញ់សត្វ បាញ់ត្រូវក្មេងម្នាក់ ឲ្យស្លាប់នៅខណ្ឌកំបូល ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីវាល ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះឈ្មោះ សារឿន ប៊ុនថា អាយុ ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ រៀននៅអនុវិទ្យាល័យបែកចាន ស្នាក់នៅក្នុងមណ្ឌលអង្ការសង្គ្រោះជនអស់សង្ឃឹម ត្រូវគ្រាប់កាំភ្លើង១គ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ចំណែកជនសង្ស័យ ២នាក់ នៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងថា មានសមាសភាពជាអ្វី និងមានខ្នងបង្អែកធំប៉ុនណាទេ ទើបប្រើកាំភ្លើងដើរបាញ់សត្វដោយខុសច្បាប់បែបនេះ។
នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានឈរលេងជាមួយក្មេងៗ ៣នាក់ទៀត នៅកន្លែងកើតហេតុ ខណៈនោះស្រាប់តែឮស្នូរកាំភ្លើង ១គ្រាប់ផ្ទុះឡើងនៅជិតនោះ បណ្ដាលឲ្យត្រូវក្មេងប្រុសរងគ្រោះចំក្បាលដួលស្លាប់ភ្លាមៗតែម្ដង ។ ខណៈកំពុងតែមានការជ្រួលច្របល់ ស្រាប់តែមានគ្រាប់កាំភ្លើងចំនួន៣គ្រាប់ផ្ទួនៗគ្នាទៀត ហោះទៅធ្លាក់នៅកន្លែងកើតហេតុនោះទៀត ប៉ុន្តែពុំបានបណ្ដាលឲ្យត្រូវក្មេងប្រុសផ្សេងទៀតឡើយ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាល និង កម្លាំងកងរាជអាវុធហត្ថព្រមទាំងប្រជាការពារខណ្ឌកំបូល បានចុះទៅអន្តរាគមន៍ ហើយបានប្រទះឃើញជនសង្ស័យ២នាក់ ជិះរថយន្តម៉ាក Ssangyong REXTON ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02 -0282 គួរឲ្យសង្ស័យក៏បានឃាត់ត្រួតពិនិត្យ ។ ខណៈនោះបានរកឃើញកាំភ្លើងវែងស៊េរីទំនើប១ដើម នៅក្នុងរថយន្តហើយពេលសាកសួរជនសង្ស័យនិយាយថា ខ្លួនបាញ់ទៅខាងណោះសោះ ហេតុម្ដេចទៅត្រូវក្មេងប្រុសរងគ្រោះទៅវិញ ហើយហើយសមត្ថកិច្ចក៏បានរកឃើញសត្វលលក១ក្បាលងាប់ ដោយសារគ្រាប់កាំភ្លើងផងដែរ។
ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ អ្នកបាញ់និងតៃកុងឡានម្នាក់ទៀត កំពុងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕









No comments