រថយន្តដឹកហ្គាសបើកជែង ជ្រុលទៅបុកម៉ូតូពីក្រោយ ពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម
រថយន្តដឹកហ្គាសបើកជែង ជ្រុលទៅបុកម៉ូតូពីក្រោយ ពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម
ខេត្តព្រៃវែង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ នៅវេលាម៉ោង ៦និង១៣នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦៩-៧០ លើផ្លូវជាតិលេខ៨ ស្ថិតនៅភូមិ ព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បង្កដោយរថយន្តមួយគ្រឿងម៉ាក DAEWOOD ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 3B-9878 ប្រភេទស៊ីទែនដឹកហ្គាស់។
ប្រភពព័ត៌មានឲ្យដឹងថា៖ អ្នកបើកបររថយន្តឈ្មោះ ឡេង សុខុម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានជែងរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ រួចក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-8970 បើកបរដោយឈ្មោះ ភាព ភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឬស្សីធ្លោក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិច (រងរបួស) ចំណែកឯអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ រិន ស្រីមាន ភេទស្រី អាយុ ២៦ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុភ្លាមសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យ និងវាស់វែងកន្លែងកើតហេតុ ចំណែកជនរងគ្រោះអ្នកបើកបរម៉ូតូត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅ គ្លីនិកឯកជនខេត្តព្រៃវែង។
ចំពោះវត្ថុតាងព្រមទាំងអ្នកបើកបររថយន្តសមត្ថកិច្ចបានឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីកសាងនីតិវិធីតាមផ្លូវច្បាប់។
រីឯសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments