ភាពមិនប្រក្រតីនៃជញ្ជីងថ្លឹងរថយន្ត ក្នុងស្រុកបាធាយ ខណៈដែលមន្ត្រីពាក់ព័ន្ធបានបណ្តែតបណ្ដោយ ឲ្យរថយន្តដឹកខុសបច្ចេកទេស ដោយគ្មានការហាមឃាត់
ភាពមិនប្រក្រតីនៃជញ្ជីងថ្លឹងរថយន្ត ក្នុងស្រុកបាធាយ ខណៈដែលមន្ត្រីពាក់ព័ន្ធបានបណ្តែតបណ្ដោយ ឲ្យរថយន្តដឹកខុសបច្ចេកទេស ដោយគ្មានការហាមឃាត់
ផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:១៧នាទីកំពង់ចាម៖ ស្ថានីយថ្លឹងរថយន្តមួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ កំពុងតែបើកដៃឲ្យឈ្មួញដឹកជញ្ជូនខុសបច្ចេកទេសបានយ៉ាងគឃ្លើន ដោយមិនខ្វល់ពីផលប៉ះពាល់ ដល់សម្បត្តិនិងសុវត្ថិភាពសាធារណៈ។
ជាក់ស្តែង សព្វថ្ងៃនេះគេសង្កេតឃើញថា មានរថយន្តធុនធំ ខ្នាតយក្ស ជាច្រើន បានធ្វើសកម្មភាព ដឹកជញ្ជូនទំនិញជាច្រើនប្រភេទដូចជា ខ្សាច់ថ្ម ជាពិសេសកំណាត់អូស បានដឹកដោយរលូននិងអណាធិបតេយ្យខ្លាំងមែនទែន ដោយគ្មានគោរពច្បាប់សិទ្ធិដល់ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ (ពោលគឺ) ដឹកសំពីងសំពោង លើសទម្ងន់ ឡានតទ្រុង កម្ពស់កប់ពពក។
យោងតាមប្រភពដែលប្រជាពលរដ្ឋសង្កេតឃើញ បាន ឲ្យដឹងថា សកម្មភាពរបស់ក្រុមរថយន្តទាំងនោះ កំពុងរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិ ពិសេសផ្លូវជាតិ និងគ្មានការបង្ក្រាបទប់ស្កាត់ពីសំណាក់មន្ត្រីស្ថានីយ៍ជញ្ជីងទាំងនោះ! ហើយមន្ត្រីជញ្ជីងទាំងអស់នោះ បែរជាបន្តបើកដៃ និងបណ្តែតបណ្ដោយឱ្យរថយន្ត ធំៗដឹករាប់សិបគ្រឿង ទាំងនោះ បើកឆ្លងកាត់ ដោយខ្លះចូលថ្លឹង និងខ្លះទៀតមិនបាច់ចូលថ្លឹង ដោយក្នុងមួយយប់ៗរាប់សិបគ្រឿង ចាប់ពីម៉ោង៤ល្ងាច រហូតដល់ទាបភ្លឺ។
ដោយសារភាពមិនប្រក្រតី នៅចំណុចស្ថានីយថ្លឹងរថយន្តខាងលើនេះ មហាជនបានរិះគន់ ថា ប្រហែលជាប្រធានជញ្ជីង និងក្រុមមន្ត្រីដែលប្រចាំការទាំងនោះ ឃុបឃិតគ្នាជាមួយក្រុមរថយន្ត ក្នុងការបង្កើតអំពើពុករលួយ ជាប្រព័ន្ធ ព្រោះហេតុថា សព្វថ្ងៃឃើញមានតែតៃកុងឡាន និងព្រួឡាន រត់ចេញចូល និងបង់លុយជាដើម ចំណែកឯរថយន្តវិញឃើញថាបន្តធ្វើសកម្មភាពដឹកដោយរលូន ទោះបីជារថយន្តទាំងនោះដឹកខុសបច្ចេកទេសក្តី។
ទាក់ទងនិងភាពមិនប្រក្រតីខាងលើនេះសារព័ត៌មាន «កងមាស» មិនអាចសុំការបំភ្លឺពីលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត និងមន្ត្រីពាក់ព័ន្ធណាម្នាក់បានទេ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានឃើញ ភាពមិនប្រក្រតីរបស់ស្ថានីយជញ្ជីងថ្លឹងរថយន្តខាងលើសូមសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល សូមមេត្តាជួយពិនិត្យភាពមិនប្រក្រតី និងការអនុវត្តរបស់ប្រធានជញ្ជីងខាងលើនេះផង៕
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងរងចាំការឆ្លើយតបបំភ្លឺពីប្រធានថ្លឹងរថយន្តខាងលើនិងមន្ត្រីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664/077906664
No comments