ឧត្តមសេនីយ៍ឯក ស ថេត ដាក់បទបញ្ជា និងការប្តេជ្ញារបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវការពារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ធានាឱ្យបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥

ឧត្តមសេនីយ៍ឯក ស ថេត ដាក់បទបញ្ជា និងការប្តេជ្ញារបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវការពារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ធានាឱ្យបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងដាក់បទបញ្ជា និងការប្តេជ្ញារបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវការពារពង្រឹងសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ធានាឱ្យបាននៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ប្រកបដោយបរិយាកាសស្ងប់ស្ងាត់គ្មានអំពើហិង្សា និងការប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ ទាំងនៅមុនពេលបោះឆ្នោត និងនៅក្រោយបោះឆ្នោត ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។
ជុំវិញកិច្ចការងារពង្រឹងការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះផងដែរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់លោក-លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ និង នាយការិយាល័យជំនាញពាក់ព័ន្ធ ត្រូវតាមដានក្តាប់ព័ត៌មានឱ្យបានលើការងារសន្តិសុខ ដើម្បីយកមកវិភាគ និងដាក់ចេញវិធានការទប់ស្កាត់ឱ្យទាន់ពេលវេលារាល់បាតុភាពណាមួយដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានមើលឃើញនិងវាយតម្លៃខ្ពស់ពីបទល្មើសព្រហ្មទណ្ឌមានការថយចុះច្រើននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទើបតែបញ្ចប់ទៅថ្មីៗនេះ ។ ក្នុងនោះក៏បានណែនាំដល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ ត្រូវបន្តពង្រឹងបង្កើនចេញប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសលួច ឆក់ និងប្លន់ប្រដាប់អាវុធឱ្យមានប្រសិទ្ធភាព ពីព្រោះបើបទល្មើសទាំងនេះទប់ស្កាត់មិនបានរឺក៏កើតមានហើយ បង្ក្រាបមិនទាន់ពេលវេលានោះទេ វានឹងជះឥទ្ធិពលមិនល្អចំពោះមហាជនទូទៅ និងធ្វើឱ្យប្រជាពលរដ្ឋខ្វះជំនឿទុកចិត្តមកលើកងកម្លាំងនគរបាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានព្រមានធ្ងន់ៗថា នឹងឱ្យមានការស្រាវជ្រាវចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលតាមបណ្តាមូលដ្ឋានក្នុងខណ្ឌទាំង១៤ ដែលហ៊ានប្រព្រឹត្តបទល្មើស លួចធ្វើឯកសាររដ្ឋបាលខុសច្បាប់ទៅឱ្យជនបរទេសដែលមករស់នៅខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ ដោយកន្លងមកលោកធ្លាប់ទទួលព័ត៌មានមកថា មានមន្ត្រីនគរបាលមូលដ្ឋានមួយចំនួនតូចបានធ្វើឯកសាររដ្ឋបាលជូនដល់ជនបរទេសជាថ្នូរនឹងការទទួលបានប្រាក់កម្រៃតាមរយៈនៃការប្រព្រឹត្តអំពើខុសច្បាប់ ។ ដោយបញ្ហានេះគឺមិនអាចលើកលែងបាននោះទេចំពោះមន្ត្រីខិលខូច ពីព្រោះថាការងារគ្រប់គ្រងជនបរទេសនេះវាសំខាន់ណាស់សម្រាប់បម្រើលើការងារសន្តិសសុខរបស់ប្រទេសជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯកក៏បានណែនាំឱ្យមានការពង្រឹងអនុវត្តលើការងាររៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យបានល្អ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការណែនាំពង្រឹងវិន័យនគរបាលជាតិនិងអាកប្បកិរិយាមិនសមរម្យរបស់មន្ត្រីនគរបាលចរាចរណ៍ធ្វើចំពោះប្រជាពលរដ្ឋ និងមន្ត្រីជាប់កិច្ចសន្យាដែលចុះអនុវត្តច្បាប់ចរាចរណ៍លើដងផ្លូវ។
សូមបញ្ជាក់ថា មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៥រូបត្រូវបានប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចរួមមានៈថ្នាក់ស្នងការរងចំនួន០២រូប ថ្នាក់នាយការិយាល័យជំនាញចំនួន០២រូប និងថ្នាក់អធិការចំនួន០១រូប រួមមានៈ១-លោកវរសេនីយ៍ឯក កៅ សុវណ្ណារ៉ា ជាស្នងការរង ២-លោកវរសេនីយ៍ទោ យ៉ែម នៅ ជាស្នងការរង ៣-លោកវរសេនីយ៍ទោ ប៊ិត ច័ន្ទដារ៉ារដ្ឋ ពីនាយរងការិយាល័យសុខាភិបាលជានាយការិយាល័យសុខាភិបាល ៤-លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ ពីអធិការនគរបាលខណ្ឌជ្រោយចង្វារ ជានាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ និង៥-លោកវរសេនីយ៍ទោ លៀក ចាន់រាបសា ពីអធិការរងនគរបាលខណ្ឌទួលគោក ជាអធិការនគរបាលខណ្ឌជ្រោយចង្វារ៕






No comments