ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីស្រោចស្រពសុគន្ធវារី និងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួល
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីស្រោចស្រពសុគន្ធវារី និងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួល
ផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០:៣៦នាទីខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពសុគន្ធវារី និងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួល ខេត្តកណ្តាល នៅក្នុងវត្តអង្គសិម្ពលី ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការនិមន្តចូលរួមជាព្រះគណៈអធិបតីពី សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល ព្រះមន្ត្រីសង្ឃខេត្ត ព្រះរាជាគណៈតាមឋានានុក្រម, ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរង លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្ដីរាជការទូទាំងស្រុក យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូប នារសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។
បន្ទាប់ពីបញ្ចប់ពិធីក្រុងពាលី ប្រគេនទេយ្យទានជូនព្រះសង្ឃ ឯកឧត្តមអភិបាលខេត្តបានមានមតិសំណេះសំណាល សង្កត់ធ្ងន់លើការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ជាពិសេស វិស័យពុទ្ធចក្រ ក្នុងខេត្តកណ្តាល។
ទន្ទឹមនោះ ឯកឧត្តម ក៏បានថ្លែងការអបអរសាទរជូនចំពោះ ព្រះឥន្ទានុបាល ភិន ផល្លី ដែលទើបទទួលបានការតែងតាំងជាព្រះអនុគណស្រុកអង្គស្នួលដោយមានការសព្វព្រះរាជហឬទ័យ ពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំមន្រ្ដីសង្ឃ ទូទាំងស្រុកអង្គស្នួល ក្នុងគោលបំណងលើកស្ទួយ និងកសាងព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តមអភិបាល សូមប្រសិទ្ធិពរជ័យថ្វាយប្រគេន សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជួបប្រទះពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា សូមប្រកបដោយ សេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងបុត្រ បានជួយបច្ច័យ២០លានរៀល សម្រាប់ចូលរួមក្នុងកម្មវិធីស្រោចស្រពសុគន្ធវារីប្រគេនមន្រ្តីសង្ឃស្រុកអង្គស្នួល និងចូលបច្ច័យ២៧០០០$សម្រាប់កសាងបង្ហើយដំបូលសាលាអនុគុណផងដែរ៕
No comments