ចាងហ្វាងសារព័ត៌មានអាស៊ានដេលី លោក មីន ចាន់ធី ដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីលាបពណ៌ រឿងជនក្បត់ជាតិ និងរឿងលាងលុយខ្មៅ
ចាងហ្វាងសារព័ត៌មានអាស៊ានដេលី លោក មីន ចាន់ធី ដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីលាបពណ៌ រឿងជនក្បត់ជាតិ និងរឿងលាងលុយខ្មៅ
ភ្នំពេញ៖ បើយោងតាមការចុះផ្សាយនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ របស់គេហទំព័រសារព័ត៌មានផ្លូវការនៃអង្គភាព «អាស៊ានដេលី» ដែលមានលោក មីន ចាន់ធី ជាចាងហ្វាងការផ្សាយ បានឱ្យដឹងថា «លោក មីន ចាន់ធី បានដាក់ពាក្យបណ្តឹងប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសូមកិច្ចអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជុំវិញករណីរឿងលាងលុយខ្មៅ និងរឿងក្បត់ជាតិ»។
យោងតាមខ្លឹមសារដែលលោក មីន ចាន់ធី ចុះផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់គាត់ឃើញថា លោក មីន ចាន់ធី បានទទូចស្នើសុំដ៏ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ សូមឱ្យឯកឧត្តមជួយរកយុត្តិធម៌ជូនគាត់ នឹងសូមឱ្យឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធទៅនឹងករណីរឿងក្បត់ជាតិ និង រឿងលាងលុយខ្មៅ។
សូមជម្រាបដែរថា៖ តាមប្រភពព័ត៌មានច្បាស់ការដែលសារព័ត៌មានយើងទទួលបាន បានបញ្ជាក់ថា «អ្នកដែលផ្តល់ព័ត៌មានរឿងលុយខ្មៅទៅឱ្យលោក ប៉ូ ចាន់នី គឺជាលោក កែវ ពិសិដ្ឋ ធ្លាប់មានមុខរបរជាម្ចាស់មន្ទីរពេទ្យគ្មានច្បាប់ យីហោ «មន្ទីរពហុព្យាបាលសម្ភព សុវណ្ណ រិទ្ធីសក្ដិ» ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមួយកន្លែងទៀតស្ថិតនៅភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល យីហោ «មន្ទីរពហុព្យាបាលសម្ភព សុខ សុវណ្ណ» ដោយមន្ទីរពេទ្យនៅស្រុកពញាឮ គឺមានលោក សុខ សុវណ្ណ និងលោក ហ៊ត សំអឿន ជាអ្នករួមគំនិតឃុបឃិតជាមួយគ្នាបើកមន្ទីរពេទ្យ»។ ពេលនោះដើម្បីតែចង់បញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនក្នុងករណីបើកមន្ទីរពេទ្យគ្មានច្បាប់នៅស្រុកពញាឮ ខេត្តកណ្តាល លោកសុខ សុវណ្ណ ក៏បានដាក់បណ្តឹងប្តឹងអ្នកសារព័ត៌មានជាច្រើនអង្គភាពទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។ ប៉ុន្តែក្នុងការដាក់បណ្តឹងប្តឹងអ្នកសារព័ត៌មានទៅតុលាការក៏មានមតិជាច្រើនលើកឡើងថា ជាការប្តឹងដើម្បីតែលាងសម្អាតភាពកខ្វក់របស់ខ្លួនដើម្បីទម្លាក់កំហុសទៅលើអ្នកសារព័ត៌មាន ក្នុងន័យចោទថាផ្សាយព័ត៌មានមិនពិតបំពុលសង្គម។
ចំណែកឯលោក ហ៊ត សំអឿន ដែលជាគ្នីគ្នាជំនិតស្និទ្ធស្នាលរបស់លោក កែវ ពិសិដ្ឋ និងលោក សុខ សុវណ្ណ ក៏ធ្លាប់បានចេញលិខិតបំភ្លឺមួយច្បាប់ជុំវិញរឿងបើកមន្ទីរពេទ្យគ្មានច្បាប់ នៅស្រុកពញាឮ ខេត្តកណ្តាល ដោយក្នុងលិខិតបំភ្លឺរបស់លោក ហ៊ត សំអឿន បំភ្លឺក្នុងន័យដោះសារយករួចខ្លួន ដូចជាចង់រកលេសដើម្បីចោទប្រកាន់ទម្លាក់កំហុសទៅលើអ្នកសារព័ត៌មាន ដែលបានចុះផ្សាយរឿងខុសច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។
ចំពោះករណីលោកមីន ចាន់ធី ចាងហ្វាងអាស៊ានដេលី ដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឱ្យមហាជននិងអ្នកសារព័ត៌មានជាច្រើន រង់ចាំមើលចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ថាខាងណាខុសខាងណាត្រូវ ហើយមានអ្នកណាខ្លះរួមចំណែកក្នុងការបង្កើតរឿងលាងលុយខ្មៅ និងរឿងក្បត់ជាតិ តើលោកមីន ចាន់ធី អាចទទួលបានភាពយុត្តិធម៌ដូចការលើកឡើងដែរឬយ៉ាងណា។
មហាជននិងអ្នកសារព័ត៌មានជាច្រើនក៏សូមសំណូមពរទទូចសុំដ៏ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម តាំង ស៊ុនឡាយ សូមឯកឧត្តមមេត្តាជួយពន្លឿនករណីរឿងលាងលុយខ្មៅ និងរឿងក្បត់ជាតិខាងលើនេះផងទាន៕
សូមស្តាប់សារសម្លេងខាងក្រោម
No comments