បុរសម្នាក់ទៅជួយភ្ជួរស្រែអោយគេត្រូវខ្យល់គរដេកស្លាប់នៅលើភ្លឺស្រែដោយមិនដឹងខ្លួន
បាត់ដំបង ៖នាថ្ងៃសុក្រ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩ៈ០០នាទី នៅចំណុចក្រុមទី៩ ភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល។
បុរសដែលស្លាប់ដោយសារខ្យល់គរ មានឈ្មោះ ចាន់ សារុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
បើយោងតាមការបំភ្លឺរបស់ឈ្មោះ ស៊ន សឿត ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រៃដាច់ ឃុំអូរតាគី បានបំភ្លឺថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦:០០ នាទីខ្លួនបានទៅជួយភ្ជួរស្រែអោយឈ្មោះ ហេង ស៉ីឡុង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃដាច់ ហើយឈ្មោះ ចាន់ សារុន ក៏ទៅជួយភ្ជួរដែរ បន្ទាប់មកឈ្មោះ ចាន់ សារុន ភ្ជួរបាន៣ជុំ ក៏អង្គុយសម្រាកលើភ្លឺស្រែ ហើយខ្លួនក៏ចូលភ្ជួរម្ដង ក្រោយមកស្រាប់តែកូនបង ឡុង ឈ្មោះ ពិសិដ្ឋ អាយុ១២ឆ្នាំ ស្រែកហៅនិងបោយដៃអោយមកជិតវា ពេលខ្លួនទៅដល់ស្រាប់តែឃើញឈ្មោះ ចាន់ សារុន ដេកផ្កាប់មុខក្បាលទៅខាងកើតក្បែរភ្លឺស្រែ រួចខ្លួនក៏ចាប់លើកឈ្មោះ ចាន់ សារុន ផ្ងារឃើញសភាពទន់ខ្លួននិងលេចនោមដាក់ខោហើយមិនមានដង្ហើម រួចខ្លួនក៏ជួយធ្វើចលនាតែឈ្មោះ ចាន់ សារុន នៅតែមិនដឹងខ្លួនក្រោយមកខ្លួននិងឈ្មោះ ហេង ស៉ីឡុង លើកឈ្មោះ ចាន់ សារុន ដាក់លើគោយន្តដឹកមកផ្ទះតែម្ដង។
មន្ត្រីជំនាញបានធ្វើកោសល្យវិច័យ និងកំណត់ហេតុបុរសឈ្មោះ ចាន់ សារុន នេះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ។
ចំណែកឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី!