ក្រសួងពាណិជ្ជកម្មលើកលែងសកម្មភាពអាជីវកម្មតាមអនឡាញមួយចំនួនមិនចាំបាច់ទៅចុះបញ្ជីទេ
ក្រសួងពាណិជ្ជកម្មលើកលែងសកម្មភាពអាជីវកម្មតាមអនឡាញមួយចំនួនមិនចាំបាច់ទៅចុះបញ្ជីទេ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា មានសកម្មភាពអាជីវកម្មតាមអនឡាញមួយចំនួន គឺមិនចាំបាច់ទៅចុះបញ្ជីនោះឡើយ ដោយសារក្រសួងមានការបែងចែកយ៉ាងច្បាស់ពីលក្ខខណ្ឌសម្រាប់អ្នកលក់ ដើម្បីដឹងថា ខ្លួនត្រូវមានកាតព្វកិច្ចចុះបញ្ជី ឬ ស្ថិតនៅក្រោមការលើក លែង។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានធ្វើការអំពាវនាវដល់អ្នកប្រកបអាជីវ កម្មតាមប្រព័ន្ធអេឡិចត្រូនិច គឺត្រូវចាំបាច់ទៅចុះបញ្ជីទទួល ស្គាល់ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ប្រកបដោយតម្លាភាព ធានាបាននូវការការ ពារផលប្រយោជន៍របស់អ្នក ប្រើប្រាស់ ជាពិសេសធានាបាននូវទំនុកចិត្តជូនអ្នកប្រើប្រាស់។
ឯកឧត្តមបន្តថា៖ ទន្ទឹមនឹងការអំពាវនាវនេះ ក៏មានករណីលើកលែងដល់អាជីវកម្មមួយ ចំនួនផងដែរ ដែលរួមមាន ការលក់ទំនិញឬផ្ដល់សេវាដែលមានលក្ខណៈគ្រួសារតាមរដូវកាល ការមិនបង្កើតសំណើនៃកិច្ចសន្យា ដូចជាការផ្តល់សេវាជជែកប្រឹក្សាជាមួយអតិថិជន ប៉ុន្តែមិនមានការផ្តល់សេវាប្រាក់កក់អ្វីឡើយ ។ ម្យ៉ាងវិញទៀត ការលក់ទំនិញឬសេវារបស់អ្នកលក់ ដែលមានផលរបបក្រោម កម្រិតផលរបបជាអ្នកជាប់ពន្ធតូច មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅការរកស៊ីក្រោមកម្រិតផលរបប ជាអ្នកជាប់ ពន្ធតូច គឺមិនចាំបាច់ចុះបញ្ជី ។
«សុំជម្រាបផងដែរថា ក៏មានការលើកលែងមួយចំនួនដែរចំពោះបុគ្គលមិនចាំបាច់មកសុំលិខិតអនុញ្ញាត បើគាត់គ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញឬសេវារបស់ខ្លួន ដែលមិនបង្កើតជាសំណើ នៃកិច្ចសន្យា មានន័យថា គ្រាន់តែធ្វើការផ្សព្វផ្សាយ ដូចជាអ្នកផ្សព្វផ្សាយថាមានទំនិញកសិផលល្អ ប៉ុន្ដែអ្នកអត់បានប្រកាសថាតម្លៃរបស់កសិផលរបស់អ្នកប៉ុន្មាននោះទេ គឺដោយមិនបង្កើតសំណើជាកិច្ចសន្យា ដូច្នេះក៏ត្រូវបានលើកលែង ដោយមិនចាំបាច់មក ពីព្រោះគាត់មិនបានផ្ដល់សេវាពាណិជ្ជកម្មទិញ-លក់ទេ គាត់គ្រាន់តែផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់គាត់ គឺគាត់មិនចាំបាច់មកសុំ ប៉ុន្តែត្រូវកំណត់ឱ្យច្បាស់ថា យើងមិនផ្ដល់សេវាទិញនិងលក់ បើសិនយើងផ្តល់សេវាទិញនិងលក់មានន័យថាយើងបង្កើតសំណើន័យកិច្ចសន្យា»។
ឯកឧត្តម បានបន្ថែមទៀតថា សម្រាប់ការលក់ទំនិញជាស្នា ដៃសិល្បៈ ឧទាហរណ៍ដូចជាអ្នកគូរគំនូរ ហើយគាត់បានយកគំនូរទៅដាក់តាំងបង្ហាញនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន ថាខ្លួនបានគូរឬមួយវិញទៀត ជាអ្នកឆ្លាក់ ក៏មិនតម្រូវឱ្យពួក គាត់មកសុំលិខិតអនុញ្ញាតដែរ ព្រោះវាជាស្នាដៃផ្ទាល់របស់ខ្លួន ។មួយវិញទៀត ចំពោះការបង្ហាត់បង្រៀនសិស្សតាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀនជាសិក្ខា សាលា ក៏ក្រសួងមិនតម្រូវឱ្យចុះបញ្ជីដែរ។
សូមបញ្ជាក់ថា៖ ចំពោះបុគ្គលដែលមិនច្បាស់ពីការចុះបញ្ជី សម្រាប់ការធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ក៏ អាចសាកសួរព័ត៌មាននៅក្រសួងពាណិជ្ជកម្មក្នុងម៉ោងធ្វើការ ព្រោះក្រសួងមិនមែនទទួលចុះបញ្ជីឬផ្តល់លិខិត អនុញ្ញាតគ្រប់អាជីវកម្មតាមប្រព័ន្ធអនឡាញនោះទេ ដូច្នេះ ហើយ ក្រសួងនឹងផ្ដល់ព័ត៌ មានច្បាស់លាស់ ដើម្បីដឹងច្បាស់ថា ខ្លួនត្រូវជាប់កាតព្វ កិច្ចចុះបញ្ជី ឬស្ថិតនៅក្រោមការលើកលែង៕
No comments