សម្តេចក្រឡាហោម ស ខេង បញ្ជាអោយមានការធ្វើអធិការកិច្ច ករណីអ្នកទោស៧នាក់ វាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង រត់គេចខ្លួន
សម្តេចក្រឡាហោម ស ខេង បញ្ជាអោយមានការធ្វើអធិការកិច្ច ករណីអ្នកទោស៧នាក់ វាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង រត់គេចខ្លួន
ផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨:៤៧នាទីភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអោយមានការធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវ ករណីអ្នកទោស៧នាក់ វាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង រត់គេចខ្លួន ដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះហើយ។
នេះបើយោងតាមប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង តាមបណ្តាញសង្គម Facebook កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា តាមលទ្ធផលនៅពេលនេះ សមត្ថកិច្ចយើងបានចាប់ខ្លួនជនជាប់ឃុំចំនួន៥នាក់ មកវិញហើយ ក្នុងចំណោមជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។
ជនជាប់ឃុំដែលសម្ថកិច្ចចាប់បានមកវិញនោះគឺមានជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញ ដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស៣០ឆ្នាំ។
២.ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស២០ឆ្នាំ។
៣.ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើស ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស ០៤ឆ្នាំ។
៤.ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន កំរិតទោស អស់មួយជីវិត។
៥.ឈ្មោះ ហន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការ ប្រើទារុណកម្ម និងមានកំរិតទោស២៧ឆ្នាំ។
ទន្ទឹមនឹងនេះទណ្ឌិត២នាក់ជាជនជាតិឡាវដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង សម្តេចក្រឡាហោម ស ខេង ផ្ទាល់ គឺ មានការទទួលខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ហើយ សម្តេច សូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ ហើយសង្ឃឹមថាការចាប់ខ្លួនទណ្ឌិត២នាក់ទៀតនឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ៕
No comments