អាល់កុលបង្កឲ្យពលករខ្មែរពុលស្លាប់ ត្រូវបានសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យនិងដកហូតអាល់កុលក្លែងក្លាយ (មេតាណុស)
អាល់កុលបង្កឲ្យពលករខ្មែរពុលស្លាប់ ត្រូវបានសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យនិងដកហូតអាល់កុលក្លែងក្លាយ (មេតាណុស)
បន្ទាយមានជ័យ៖ មន្ត្រីចម្រុះបានចុះ ត្រួតពនិត្យនិងដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) មួយចំនួននៅភូមិកូបធំ និងភូមិកូនដំរី សង្កាត់និមិត្ត ជាប្រភពមួយនៃអាល់កុលបង្កឲ្យពុលពលករ២៥នាក់ ស្លាប់៧នាក់នៅមណ្ឌលចត្តាឡីស័កកូបធំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតកន្លងមកនេះ។
ចំណែកលទ្ធផលបឋមនៃមន្ទីរពិសោធន៍តូចរបស់.ក.ប.ប.នៅក្រុងប៉ោយប៉ែតនៃសំណាកអាល់កុលបង្កឲ្យពុល គឺមេតាណុល ឬអាល់កុលក្លែងក្លាយ ។ នេះបើតាមការឲ្យដឹងពី លោកសាន វិជ្ជាសារ៉ាវុធ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.ឬCCF) សាខាខេត្តបន្ទាយមានជ័យថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១។
លោកនិងមន្ត្រី សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហកាសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដែលដឹកនាំដោយ លោកប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មនិងរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកហឿន វីរ: អភិបាលរងក្រុង កម្លាំងនគរបាលក្រុង និងកម្លាំងប៉ុស្តិរដ្ឋបាលសង្កាត់និមិត្ត បានចុះ ត្រួតពនិត្យនិងដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) នៅ ចំណុចភូមិកូនដំរី ភូមិកូបធំ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សកម្មភាពនេះ គឺជាការឆ្លើយតបនឹងការស្លាប់មនុស្សចំនួន០៧នាក់/ស្រី០១នាក់) បណ្តាលមកពីការយកអាល់កុលក្លែងក្លាយ(មេតាណុល)ទៅលាយផ្សំជាមួយភេសជ្ជៈស្ទីង និងតែបៃតង អូអិឈិជំនួសស្រាលក់អោយពលករចត្តាឡីស័ក្តិផឹកនៅមណ្ឌលចត្តាឡីស័ក្តិ ស្ថិតក្នុងភូមិកូបធំខាងត្បូងស្តុបកូនដំរី។
ក្នុងសកម្មភាពជាមួយគ្នានេះដែរ បានធ្វើការពន្យល់ណែនាំ ដល់អាជីវករអ្នកលក់អាល់កុល និងដកហូតផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មានដូចជា ៖-អាល់កុលក្លែងក្លាយ ១៨៦ដប និង ១ពីដុង ស្មើ ១២៣លីត្រ,-មីម៉ាម៉ា ៩៣កំប៉ុង ស្មើ ០,៥៦គក្រ,-នំសូកូឡា ១២កញ្ចប់ ស្មើ ០,១៣គក្រ,-ទឹកក្រូចចម្រុះ ៣៦ដប ស្មើ ៥៧,៦០គក្រ,-ទឹកដោះគោខាប់ ១០កំប៉ុង ស្មើ ៣,៨០គក្រ,-ទឹកម្ទេស តូច-ធំ ២៥ដប ស្មើ ១១,១៥គក្រ,-ស្ករគ្រាប់ចម្រុះ ១,២គក្រ, សរុបចំនួន១៧៧រាយ ទម្ងន់ស្មើ ៧៤,៤៤គីឡូ ក្រាម។
ជាមួយគ្នានោះដែរ លោកសាន វិជ្ជាសារ៉ាវុធ បានបន្តថា ៖ ទន្ទឹមនឹងនោះ ក្រុមការងារក៏បានធ្វើការ ពន្យល់ ណែនាំ ដល់អាជីវករទាំងអស់ឱ្យចេះមើលអាយុកាលផុតកំណត់ ការតាំងលក់ផលិតផលទំនិញគ្រប់ប្រភេទ និងខ្លឹមសារនៃប្រកាស របស់ក្រសួងពាណិជ្ជកម្មលេខ ១៨៥ ស្តីពីបទដ្ឋានពត៌មាន សម្រាប់អ្នកប្រើប្រាស់។
ពោលគឺដើម្បីឱ្យអាជីវករទាំងនោះធ្វើការកែប្រែស្រប តាមពេលវេលាមួយដែលអាចទទួលយកបានដោយអនុលោមតាមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ជាមួយនេះដែរយើងបានធ្វើការពិន័យ អន្តរការណ៍លើម្ចាស់ទំនិញល្មើសមួយទីតាំងឱ្យបង់ប្រាក់ពិន័យអន្តរការណ៍ ដោយសរសេរប័ណ្ណបង់ប្រាក់ ផាក ពិន័យ ចំនួន ០១ ច្បាប់ នៅនឹងកន្លែងផងដែរ៕
No comments