សូមឯកឧត្តម ថោង ជេដ្ឋា ប្រធានគ្រប់គ្រងអាងទន្លេ អន្តរាគមន៍ករណីចាក់ខ្សាច់រំលោភច្រាំងទន្លេ ក្នុងសង្កាត់ព្រែកប្រាផង
រាជធានីភ្នំពេញ៖ ទីតាំងមួយកន្លែងទំនងជាដីឯកជន កំពុងតែធ្វើសកម្មភាពដឹកខ្សាច់ យ៉ាងប្រញាប់ប្រញាល់បំផុត ដោយប្រើប្រាស់រថយន្តលំដាប់ធន់ធំ ចាក់ខ្សាច់រំលោភចូលយកច្រាំងទន្លេយ៉ាងគឃ្លើន ខណៈអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមូលដ្ឋានមិនហ៊ានសូម្បីតែក្អក។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖ ទីតាំងដីមួយកន្លែងដែលកំពុងតែប្រើប្រាស់រថយន្តធន់ធំលំដាប់យក្ស ដឹកខ្សាច់ចាក់លុបរំលោភចូលទន្លេ គឺស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺបានកំពុងតែបញ្ចេញសកម្មភាពយ៉ាងប្រញាប់ប្រញាល់បំផុត ដោយធ្វើការសំរុកចាក់ខ្សាច់ និងប្រើប្រាស់រថយន្តលំដាប់ធំផុតលេខដឹកជញ្ជូនខ្សាច់ពីចំណុចដេប៉ូគល់ស្ពានព្រែកសំរោង យកមកចាក់បំពេញរំលោភបំពានចូលទន្លេ និងកំពុងធ្វើការបុកគ្រឹះយ៉ាងរំភើយ ដោយប្រើសុទ្ធតែម៉ាស៊ីនទំនើបៗ និងមិនមានអាជ្ញាធរពាក់ព័ន្ធណាម្នាក់ចុះទៅអន្តរាគមន៍ទប់ស្កាត់បន្តិចសោះឡើយ។
ករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាច សុំការសម្ភាសន៍ជាមួយម្ចាស់ទីតាំងបាននោះទេ ខណៈលោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានប្រាប់សារព័ត៌មានថា «អត់ដឹងសោះចំពោះការចាក់រំលោភចូលយកទន្លេ ព្រោះមិនមានអ្នកណាមកសុំច្បាប់ ឬប្រាប់ឲ្យដឹងជាដំណឹងនោះទេ»។
ដូចដែលបានរៀបរាប់ខាងលើអង្គភាពសារព័ត៌មានឃើញថា «ករណីនេះកំពុងផ្ទុយស្រឡះឆ្ងាយ និងបំពានយ៉ាងធ្ងន់ធ្ងរពីអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៥ ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងអាងទន្លេ ត្រង់ចំណុចជំពូកទី៥ មាត្រា៨»។
ដូច្នេះករណីនេះប្រជាពលរដ្ឋទទូចស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សូមជួយពិនិត្យនិងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ណាមួយចំពោះករណីខាងលើនេះផង។
ប្រជាពលរដ្ឋក៏អំពាវនាវសំណមពរស្នើសុំទៅកាន់ឯកឧត្តម ថោង ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ សូមឯកឧត្តមប្រធានមេត្តាជួយអន្តរាគមន៍ទប់ស្កាត់ចំពោះករណីខាងលើនេះផងទាន៕
ឯកឧត្តម ថោង ជេដ្ឋា |
No comments