UPDATE៖ ករណីប៉ុនប៉ងមនុស្សឃាតចាក់ដីកប់ទាំងរស់ នៅខេត្តស្ទឹងត្រែង គ្រួសារជនរងគ្រោះស្នើសុំឱ្យតុលាការ កាត់ទោសជនបង្កឲ្យបានធ្ងន់ធ្ងរ និងសូមឲ្យស្វែងរកអ្នកបញ្ជាក្រោយខ្នង
ខេត្តស្ទឹងត្រែង៖ ដោយសារសង្គ្រាមដីធ្លីរ៉ាំរ៉ៃជាង១០ឆ្នាំ និងមិនមានការដោះស្រាយរកខុសត្រូវមិនដាច់ស្រេចធ្វើឲ្យស្ត្រីម្នាក់រងគ្រោះ ដោយសារតៃកុងឡានចាក់ដីកប់ទាំងរស់។ ដោយហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ហើយរហូតមកទល់ពេលនេះ ស្ត្រីវ័យចំណាស់ដែលជាជនរងគ្រោះ កំពុងបានមានអាការៈធូរស្បើយបន្តិចហើយ ប៉ុន្តែត្រូវការបន្តលេបថ្នាំរហូត។
ចំណែកជនសង្ស័យ ដែលជាតៃកុងឡានប៊ែនដី ត្រូវបានតុលាការខេត្តស្ទឹងត្រែង បន្តឃុំខ្លួននៅពន្ធនាគារ ជាប់ចោទពីបទ «ប៉ុនប៉ងមនុស្សឃាត» ចំណែកឯអ្នកពាក់ព័ន្ធត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
តាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះបាន ប្រាប់សារព័ត៌មានឲ្យដឹងថា៖ «បច្ចុប្បន្នជនរងគ្រោះនៅមិនទាន់ទទួលបានសំណងជំងឺចិត្តនោះទេ ខណៈជនសង្ស័យម្នាក់ទៀត កំពុងបានរត់គេចខ្លួនបាត់ស្រមោល ដោយមិនទាន់ចាប់ខ្លួនបាន»។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ចៅក្រមស៊ើបសួរ នៃតុលាការខេត្តស្ទឹងត្រែង និងធ្វើការអញ្ជើញជនរងគ្រោះទៅសាកសួរ អំពីដំណើររឿងខាងលើ។
ក្រុមគ្រួសារជនរងគ្រោះស្នើសុំឱ្យតុលាការខេត្តស្ទឹងត្រែង បន្តចោទប្រកាន់ជនសង្ស័យពីបទ ប៉ុនប៉ងមនុស្សឃាត និងកាត់ទោសឲ្យបានធ្ងន់ធ្ងរតាមនីតិវិធីច្បាប់ និងបានស្នើសុំឱ្យតុលាការតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងតែរត់គេចខ្លួន ជាពិសេសទៀតនោះ ក្រុមគ្រួសារជនរងគ្រោះស្នើសុំឱ្យស្ថាប័នតុលាការតាមស្វែងរកអ្នកនៅពីក្រោយខ្នងដែលបានបញ្ជាឲ្យធ្វើរឿងនេះ និងទាមទារជំងឺចិត្តចំនួន ៥ពាន់ដុល្លារ៕
No comments