ឆមាសទី១ឆ្នាំ២០២១នេះកម្ពុជាប្រមូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណជា ១៥១៥លានដុល្លារ

ឆមាសទី១ឆ្នាំ២០២១នេះ កម្ពុជាប្រមូលពន្ធ-អាករគ្រប់ប្រភេទ បានប្រមាណជា ១៥១៥លានដុល្លារ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាប្រមូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណជា ១៥១៥លានដុល្លារអាមេរិក ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការធ្លាក់ចុះជាង ១០ភាគរយ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំ ឆមាសទី១ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តតាមប្រព័ន្ធអនឡាញ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៦១៣៩ បីលានរៀលគឺប្រមាណជាង ១៥១៥ លានដុល្លារអាមេរិក ស្មើនឹង ៦៧.៥៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួនជាង ៧២៧ ប៊ីលានរៀល (ប្រមាណជាង ១៧៩ លានដុល្លារអាមេរិក) ស្មើនឹង ១០,៦០%។
ឯកឧត្តមបានបន្តថា៖ បើគិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួនជាង ៦៤៤១ប៊ីលានរៀល គឺប្រមាណជា ១៥៩០ លានដុល្លារអាមេរិក ដែលក្នុងនោះរយៈពេល២០ថ្ងៃនៃខែ កក្កដា ឆ្នាំ២០២១ បានប្រមូលចំណូលសរុបចំនួនជាង ៣០១បីលានរៀល ប្រមាណជាង ៧៤លានដុល្លារអាមេរិក។
ឯកឧត្តមបញ្ជាក់ថា៖ ការអូសបន្លាយនៃការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ និងការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បានជះ ឥទ្ធិពលជាអវិជ្ជមានមកលើការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករយ៉ាងខ្លាំង ។
ឆ្លើយតបទៅនឹងបញ្ហានេះ យើងបានដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរេសកម្ម និងបានឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងការលំបាកនានា ក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផល ប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ២០២១ សម្រេចបានរហូតដល់ ៦៧.៥៨% នៃផែន ការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។
«បច្នប្បន្ននេះចំណូលថវិកាជាតិបានមកពីប្រភពចំណូលធំៗ២ គឺចំណូលពន្ធគយនាំចូលទំនិញនិងនាំចេញ ហើយចំណូលក្នុងស្រុកគឺបានមកពីចំណូលពន្ធដារដូចជាពន្ធ-អាករអីជាដើម នេះគឺជាចំណូលធំៗចូលថវិកាជាតិ ដើម្បីឱ្យរដ្ឋាភិ បាលយកទៅចំណាយ ទៅជាប្រាក់បៀវត្ស ជាចំណាយប្រតិ បត្តិការ និងការចំណាយវិនិ យោគអីខ្លះ អ៊ីចឹងនៅពេលដែលចំណូលទាំងពីរនឹងធ្លាក់ចុះ អ៊ីចឹងមានន័យថា រដ្ឋាភិបាលប្រឈមនឹងការថយចុះនូវចំណូលនេះ ដែលទាមទាររកប្រភពផ្សេង» ។
ឯកឧត្តមក៏បានណែនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការកៀរគរចំណូល ប្រកបដោយភាពសកម្ម បុរេសកម្ម និងវៃឆ្លាត ព្រមទាំងប្រើប្រាស់ឱ្យអស់សក្តានុពល បញ្ញាស្មារតី ដើម្បីប្រមូលចំណូលឱ្យបានគ្រប់និងលើសផែនការ៕


No comments