មន្ទីរកសិកម្មខេត្តព្រៃវែងបង្កើនការផ្សព្វផ្សាយការងារបង្កបង្កើនផលស្រូវដើម្បីធានានិរន្តរភាពស្បៀងក្នុងស្រុក
ព្រៃវែង : មន្ទីរកសិកម្មខេត្តព្រៃវែង បានខិតខំយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយការងារបង្កបង្កើនផល ស្រូវ ដើម្បីធានាបាននិរន្តរភាពស្បៀងក្នុងស្រុក ខណៈបច្ចុប្បន្នកម្ពុជាក៏ដូចជាពិភពលោកកំពុងជួបបញ្ហាជំងឺកូវីដ-១៩ ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង បានមានប្រសាសន៍ឲ្យដឹងថា ប្រជាកសិករបានចាប់ផ្តើមបង្កបង្កើនផលស្រូវស្រាលបានប្រមាណជាង៣ម៉ឺនហិកតា លើផែនការដែលមានផ្ទៃដីសរុបប្រមាណ ២សែន៥ម៉ឺនហិកតា ។
លោកបានបន្តថា មន្ទីរបានចុះណែនាំ និងជំរុញកសិករឲ្យដាំដុះស្រូវស្រាលដោយមិនប្រកាន់រដូវ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធានាបាននូវសន្តិសុខស្បៀងនិងការនាំចេញអង្ករ នៅពេលដែលពិភពលោកកំពុងទទួលរងនូវការរាលដាលនៃជំងឺ Covid19 ជាពិសេសតម្រូវការស្បៀងនៅទីផ្សារអន្តរជាតិ មានការកើនឡើងហើយតម្លៃស្រូវនិងអង្ករក៏ស្ទុះឡើងផងដែរ ។
រាល់ថ្ងៃនេះបានភ្លៀងធ្លាក់ដើមឆ្នាំប៉ុន្មានមេ ដែលបានមានទឹកដក់នៅក្នុងស្រែខ្លះ ហើយគួបផ្សំទៅនឹងបរិបទនៃកូវីដ-19នេះ ដើម្បីធានាបាននិរន្តរភាពស្បៀងតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាឯកឧត្តមអភិបាលខេត្ត ដែលលោកតែងតែគិតគូរសុវត្ថិភាពស្បៀងជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អញ្ចឹងមន្ទីរកសិកម្ម បានខិតខំយកចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយការងារបង្កបង្កើនផល គឺសំដៅយកចិត្តទុកដាក់ខ្លាំង ទៅលើប្រភេទស្រូវស្រាល ដែលធ្វើនៅក្នុងរដូវនេះ ហើយមកដល់ថ្ងៃនេះ កំពុងសស្រាក់សស្រាំបង្កបង្កើនផល ជាពិសេសតាមពិតទៅការបូកសរុប១០ឆ្នាំកន្លងមកនេះ យើងមើលឃើញថា កសិកម្មនៅក្នុងខេត្តព្រៃវែងយើងឈរនៅក្នុងលំដាប់ទីមួយ មានន័យថា បរិមាណផលស្រូវដែលផលិតស្រូវបានច្រើនជាងគេនៅក្នុង២៥ខេត្ត ក្រុង ហើយអាចថាជាខេត្តមួយ ដែលមានសក្តានុពលធំ ខ្ពស់ លើវិស័យកសិកម្មជាពិសេសដំណាំស្រូវ »។
សូមបញ្ជាក់ថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧត្តុនិយម បានឱ្យដឹងថា ទឹកភ្លៀងដើមរដូវនឹងសំបូរ ដែលអាចបង្កលក្ខណៈល្អប្រសើរដល់កសិករក្នុងការដាំដុះស្រូវស្រាលដើមរដូវ៕