ម្ចាស់សំណង់ «សាលាជ័យថាវី» ស្នើសុំរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ចាត់មន្ត្រីជំនាញចុះពិនិត្យការរុះរើសំណង់ ព្រោះអាចជាការបំរើឱ្យផលប្រយោជន៍ឯកជន

តាមរយៈលិខិតមេធាវីគោរពជូនឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សំណើសុំផ្អាកការរុះរើសំណង់ «សាលាជ័យថាវី» ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១៤៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋជាម្ចាស់ទីតាំងសំណង់ សាលាជ័យថាវី បានបញ្ជាក់ថា៖ ការស្នើសុំឲ្យផ្អាកការរុះរើសំណង់ សាលាជ័យថាវី នេះ មិនមានចេតនាណាមួយ ជំទាស់ទៅនឹងការរុះរើ ដែលក្រសួងបានសម្រេចនោះទេ!
ប៉ុន្តែធ្វើយ៉ាងណាឱ្យការរុះរើសំណង់នេះ ធ្វើឡើងដើម្បីបំរើនូវផលប្រយោជន៍សាធារណៈ និងឱ្យមានស្មើភាពគ្នាចំពោះមុខច្បាប់! ពោលគឺត្រូវតែអនុវត្តទាំងអស់គ្នាចំពោះសំណង់ទាំងឡាយណា ដែលបានសាងសង់នៅលើផ្លូវលេខ១៤៩ មិនមែនសម្រេចឱ្យរុះរើតែសំណង់សាលាជ័យថាវី តែម្នាក់ឯងដោយពុំមានការចូលរួមពីអ្នកពាក់ព័ន្ធលើផ្លូវ១៤៩ ទាំងអស់គ្នានោះទេ។ ព្រោះការសម្រេចបែបនេះ វាហាក់បីដូចជាធ្វើឡើងដើម្បីគ្រាន់តែបំរើឱ្យផលប្រយោជន៍ អាគារប៉ាវលី តែប៉ុណ្ណោះ។
ហើយម្យ៉ាងវិញទៀតចំពោះស្ថានភាពផ្លូវលេខ១៤៩ ចាប់តាំងពីអំឡុងឆ្នាំ១៩៨៥ រហូតមកទល់បច្ចុប្បន្ននេះ គឺមិនមានការធ្វើចរាចរណ៍ចេញចូលនោះទេ ពីព្រោះនៅប៉ែកខាងជើងនៃសាលាជ័យថាវី ត្រូវបានប្រជាពលរដ្ឋផ្សេងទៀតធ្វើរបងថ្មបិទជិតតាំងពីឆ្នាំ១៩៩០មកម្លេះ!! ចំណែកឯប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតំបន់នោះ សុទ្ធតែមានច្រកផ្លូវសម្រាប់ចេញចូលគ្រប់ៗគ្នាអស់ហើយ និងមិនមានការរាំងស្ទះដោយសារសំណង់សាលាជ័យថាវីនោះទេ។
ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ ម្ចាស់សំណង់ សាលាជ័យថាវី គោរពស្នើសុំឯកឧត្តម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មេត្តាពិនិត្យ និងសម្រេចផ្អាកការរុះរើសំណង់ «សាលាជ័យថាវី» ជាបណ្ដោះអាសន្ន និងស្នើសុំឱ្យក្រសួងចាត់ក្រុមការងារបច្ចេកទេសចុះមកធ្វើការត្រួតពិនិត្យជាក់ស្តែងនៅលើចំណុចទីតាំងឡើងវិញ ដើម្បីរកឱ្យឃើញថា តើការសម្រេចឱ្យរុះរើសំណង់សាលាជ័យថាវី នេះ ធ្វើឡើងដើម្បីបំរើនូវផលប្រយោជន៍សាធារណៈ ឬ ដើម្បីតែបំរើឱ្យផលប្រយោជន៍ឯកជន។ ហើយម្យ៉ាងវិញទៀត ថា តើការរុះរើសំណង់ធ្វើឡើងតែចំពោះសាលាជ័យថាវី ឬ ក៏ឲ្យរុះរើគ្រប់សំណង់ទាំងអស់ ដែលនៅលើផ្លូវលេខ១៤៩ ?។
យ៉ាងណាមិញទាក់ទិនទៅនិងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង សូមបញ្ជាក់ឡើងវិញតាមការលើកឡើងម្ចាស់សំណង់ថា៖ «ម្ចាស់សំណង់សាលាជ័យថាវី ពុំមានចេតនាណាមួយជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ក្រសួងនោះទេ! ម្ចាស់សំណង់ «សាលាជ័យថាវី» សូមឱ្យក្រសួងអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នា បើសិនជារុះរើត្រូវតែរុះរើគ្រប់ៗសំណង់ទាំងអស់ មិនមែនឱ្យរុះរើសំណង់សាលាជ័យថាវីតែម្នាក់នោះទេ»៕
















No comments