ខ្លោចចិត្តអាណិតទារកដែលទើបនឹងកើត ត្រូវម្តាយចិត្តអាក្រក់ទុកចោល នៅក្នុងបន្ទប់ទឹក រហូតដល់ស្លាប់
ភ្នំពេញ : ប្រជាពលរដ្ឋជាច្រើន មានការខ្លោចចិត្តអាណិតទារក ដែលទើបនឹងកើត ក្នុងពិភពលោកនឹងគេដែរ ប៉ុន្តែគ្មានឧឪកាសបានរស់នៅ ព្រោះតែម្តាយចិត្តខ្មៅ យកទៅទុកចោលនៅក្នុងបន្ទប់ទឹក រហូតដល់ស្លាប់យ៉ាង កំសត់ ហើយម្តាយរូបនោះគេចខ្លួនបាត់ស្រមោល តែម្តង ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅ ភូមិអូរឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសេចក្តីរាយការណ៌បានឲ្យដឹងថា ប្រជាពលរដ្ឋប្រទះឃើញសព្វទារិកាម្នាក់ បានស្លាប់នៅក្នុងបន្ទប់ទឹក បន្ទាប់ពីស្ត្រីជាម្តាយបង្កើត បានយកមកប្លុងចោល រួចគេចបាត់ស្រមោល ។ ស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ រូបនោះ បានប្រាប់ថា នៅថ្ងៃកើតហេតុ គឺកូនប្រុសរបស់គាត់ បានដើរចូលបន្ទប់ទឹកត្រង់ទីតាំងនេះ ស្រាប់ តែឃើញទារិកា ត្រូវបានគេដាក់នៅលើក្រណាត់ពណ៍ខ្មៅទុកចោល ។
ភ្លាមៗនោះ កូនគាត់ក៏រត់ទៅប្រាប់គេឯង ទើបគាត់នាំគ្នាដើរទៅមើល ហើយជាក់ស្ដែង ឃើញទារិកានេះ ពុំមានដង្ហើម នោះឡើយ គឺបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យតែម្តង ។
សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ហើយទាក់ទងទៅមន្រ្តីជំនាញខាងកោសល្យវិច្ឆ័យ ខណ្ឌមានជ័យ និងនគរ បាលជំនាញកោសល្យវិច្ឆ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វើការពិនិត្យជាក់ស្តែង រួចបានបញ្ជាក់ថា ទារិកាខាងលើនេះ ពិតជាស្លាប់ដោយអត់អាហារ ខណៈម្ដាយទុកចោលរាប់ម៉ោង ។
ចុងក្រោយផងនោះ សព្វទារិកាម្នាក់នេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច រៀបចំចាត់ចែងបូជាតាមប្រពៃណីទៅ។
នេះគឺជារឿងរ៉ាវនៅក្នុងសង្គមមួយ គួរណាស់ស្ត្រីជាម្តាយមួយចំនួន ប្រសិនបើសម្រេចចិត្តអ្វីមួយ គួរតែពិចារណា ឲ្យបានច្រើនផង បើជ្រុលជាឲ្យក្មេងបានប្រសូតមកហើយ ក៏គួរតែផ្តល់ឧិកាស ឲ្យគ្នាបានរស់រានមានជីវិតផង បើពុំមានលទ្ធភាពចិញ្ចឹម ក៏អាចប្រគល់ទៅឲ្យគ្រូពេទ្យ ឬក៏សប្បុរសជនណាដែល មានបំណង ត្រូវការក្មេងចិញ្ចឹម ជាជាងយកក្មេងទៅទុក្ខចោលឲ្យស្លាប់ យ៉ាងកំសត់បែបនេះ ។