យុវជនប្រុសស្រី២នាក់ភ័យស្ទើរលស់ព្រលឹងខណៈដែលបុរសបែកថ្នាំម្នាក់រត់ចូលក្នុងបន្ទប់គំរាមកុំឲ្យស្រែក
ជនសង្ស័យមានឈ្មោះ អ៊ុ សុភ័ក្ខ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ចំណែកជនរងគ្រោះទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ដំបូងឡើយមានយុវជនប្រុសស្រី២នាក់បានមកជួលស្នាក់នៅមួយយប់នៅផ្ទះសំណាក់ខាងលើ បន្ទប់លេខ៣០៥ ជាន់ទី៣ ។ខណៈដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ទំនងបែកថ្នាំបានរត់ចូលក្នុងផ្ទះសំណាក់ ហើយក៏ឡើងទៅលើជាន់ទី៣ ទៅគោះបន្ទប់លេខ៣០៥ ជនរងគ្រោះប្រុសស្រី២នាក់នោះឲ្យបើកទ្វារ។ បើតាមសម្តីជនរងគ្រោះបានប្រាប់ថា រូបគាត់ស្មានតែអ្នកស្គាល់គ្នាក៏បើកទ្វារឲ្យចូល ស្រាប់តែជនសង្ស័យបិទទ្វារខ្ទាស់គន្លឹះ ហើយគំរាមមិនឲ្យស្រែក បើស្រែកបោកឲ្យងាប់ ខណៈពេលនោះជនរងគ្រោះទាំង២នាក់ក៏ឃើញជនសង្ស័យក្តាប់ដៃ ធ្វើឲ្យរូបគាត់ភ័យមិនហ៊ានស្រែក។
ស្ត្រីដែលគ្រប់គ្រងផ្ទះសំណាក់ មើលការខុសត្រូវបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ដល់បន្ទប់លេខ៣០៥ ជាន់ទី៣ ហើយក៏បានប្រើពាក្យសម្ដីអង្វរលួងលោងទៅលើជនសង្ស័យ និងមានពាក្យគំរាមកំហែងខ្លះ ដើម្បីឲ្យជនសង្ស័យបើកទ្វារ មួយសន្ទុះធំ ទើបបានជនសង្ស័យព្រមបើកទ្វារចេញមកខាងក្រៅ ត្រូវបានសមត្ថកិច្ចវាយខ្នោះយកទៅសួរនាំ និងឱ្យជនរងគ្រោះទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត ដើម្បីសួរនាំដំណើររឿង។ សំណាងល្អជនរងគ្រោះទាំង២នាក់ មិនមានរងរបួសនោះទេ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចសួរនាំ រួចនឹងបញ្ជូនបន្តទៅតាមនីតិវិធី៕