អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ទីវត្តអារាមនានាចូលរួមវិធានការពារជំងឺកូវីដ១៩ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ឯកឧត្តម ងួន រតនៈ បានថ្លែងដូចច្នេះ នៅក្នងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តផងដែរ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង ដើម្បីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ឯកឧត្តម ងួន រតនៈ បានថ្លែងសង្កត់ធ្ងន់ផងដែរ ចំពោះអាហារដ្ឋានមួយចំនួនដែលមិនទាន់បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលនៅតែលួចឆ្លៀតឱកាស នៅពេលយប់ដោយមិនបានរក្សាគម្លាតសុវត្ថិភាព ដូច្នេះមន្ទីរទេសចរណ៍ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តការត្រួតពិនិត្យនៅពេលយប់បន្តទៀតផងដែរ៕