សូមមានការប្រុងប្រយ័ត្ន ជាមួយឧបករណ៍ផ្ទុកទិន្នន័យដូចជា USB Flash Drive នៅពេលដែលលោកអ្នកឈប់ត្រូវការ
សូមមានការប្រុងប្រយ័ត្ន ជាមួយឧបករណ៍ផ្ទុកទិន្នន័យដូចជា USB Flash Drive នៅពេលដែលលោកអ្នកឈប់ត្រូវការ
ដោយមើលឃើញថា អ្នកប្រើប្រាស់យើងមួយចំនួនមិនមានការប្រុងប្រយ័ត្នជាមួយនឹងទិន្នន័យដែលបានទុកនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យមួយចំនួនដូចជា USB Flash Drive ឬ Memory cards ជាដើម។ នាយកដ្ឋានសូមឱ្យលោកអ្នកមានការប្រុងប្រយ័ត្នចំពោះទិន្នន័យដែលមាននៅក្នុងនោះនៅពេលដែលលោកអ្នកចង់លក់ឬឱ្យឧបករណ៍ទាំងនោះទៅអ្នកដទៃ។
យោងតាមការបង្ហាញឱ្យដឹងពីអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Abertay ថាមាន USB Flash Drive បានប្រើប្រាស់រួចហើយ ដែលពួកគេបានទិញពីក្រុមហ៊ុន eBay គឺនៅមានផ្ទុកទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់មុនៗ។ ឆ្លងតាមការវិភាគនៃ USB Drive ចំនួន១០០គ្រាប់ដែលបានទិញ ពួកគេបានរកឃើញឯកសារចំនួន ៧៥ ០០០ ដែលមានព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់នៅក្នុងនោះហើយ។ ក្នុងចំណោម USB Drive ចំនួន១០០គ្រាប់នោះ មានតែ៣២គ្រាប់ប៉ុណ្ណោះដែលមិនមានផ្ទុកទិន្នន័យ ២៦គ្រាប់អាចទាញយកទិន្នន័យបានមួយចំនួន និង៤២គ្រាប់ទៀតអាចទាញយកទិន្នន័យបានទាំងស្រុង។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះ USB Drive របស់ខ្លួនមុនពេលដែលលក់ឬឱ្យទៅអ្នកដទៃប្រើ ដើម្បីការពារឯកសារសំខាន់ៗផ្ទាល់ខ្លួនដែលមាននៅក្នុងនោះ។ ដំបូងសូមលោកអ្នកលុប (Formatting) ចោលទិន្នន័យទាំងអស់ដែលមាននៅក្នុងនោះ បន្ទាប់មកចម្លងទិន្នន័យដែលមិនបានការចូលឱ្យពេញ ហើយលុបចោលទិន្នន័យនោះម្ដងទៀត។
សូមបញ្ជាក់ផងដែរថា នាយកដ្ឋានក៏ធ្លាប់បានផ្សព្វផ្សាយ រួចមកហើយឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងទិន្នន័យដែលបានផ្ទុកនៅក្នុង Hard Drive របស់កុំព្យូទ័រ ព្រោះរាល់ការលុបទិន្នន័យទាំងអស់មិនត្រូវបានលុបចោលទាំងស្រុងចេញពី Hard Drive នោះទេ៕
ប្រភព៖ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
No comments