ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសសម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today របស់លោក អ៊ុង គង្គា។ ការសម្រេចលុបចោលអាជ្ញាបណ្ណនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់អាជ្ញាបណ្ណរូបនេះ បានធ្វើការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត មានចេតនាទុច្ចរិត ធ្វើឱ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គមដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែរសាមីខ្លួនបានតម្កល់ទុក នៅក្រសួងព័ត៌មាន។
គួររំលឹកថាកាលពីពេលថ្មីនេះ លោក Shen Kaidong ជនជាតិចិន តួនាទីនាយកសារព័ត៌មាន Angkor Today បានផ្សព្វផ្សាយព័ត៌មានថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។
ភ្លាមៗនោះក្រសួងសុខាភិបាលមានការប្រតិកម្ម និងធ្វើការស្រាយបំភ្លឺ ច្រានចោលទាំងស្រុងរាល់ខ្លឹមសាររបស់សារព័ត៌មាន Angkor Today ជៀសវាងមហាជនមានការភាន់ច្រឡំ។
ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានសម្រេចបណ្តេញជនជាតិចិនឈ្មោះ Shen Kaidong ដែលជានាយកព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា និង ហាមឃាត់ការចូលកម្ពុជាសាជាថ្មីផងដែរ៕
[ដើម្បីប្រជាជនកម្ពុជា យើងចូលរួមលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ ផលិតព័ត៌មានពិតជូនរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋ]





No comments