មន្ត្រីនគរបាលចរាចរណ៍ គោលដៅកំពង់សិលា បានប្រគល់លុយ 450$ ឱ្យទៅម្ចាស់រថយន្តវិញ បន្ទាប់ពីផាកពិន័យតាមរបៀបពុករលួយ
Update៖ មន្ត្រីនគរបាលចរាចរណ៍ គោលដៅកំពង់សិលា បានប្រគល់លុយ 450$ ឱ្យទៅម្ចាស់រថយន្តវិញ បន្ទាប់ពីផាកពិន័យតាមរបៀបពុករលួយ
បុរសម្នាក់ដែលជាអ្នកបើកបរ រថយន្តសាំយុង ស្លាកលេខ ភ្នំពេញ 2AA-6542 ដែលត្រូវបានមន្ត្រីនគរបាលចរាចរណ៍ ត្រង់ចំណុចគោលដៅ កំពង់សិលាផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្ត ហើយទាមទារលុយចំនួន 450$ តាមរបៀបពុករលួយ ពេលនេះទទួលបានលុយ គ្រប់ចំនួនត្រឡប់មកវិញហើយ។
យោងតាមការឱ្យដឹងពីបុរសម្នាក់ ដែលជាអ្នកបើកបររថយន្តបានរៀបរាប់ប្រាប់សារព័ត៌មានតាមរយៈទូរស័ព្ទនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នេះថា៖ «លុយ 450$ ដែលមន្ត្រីនគរបាលចរាចរណ៍គោលដៅកំពង់សិលា យកពីគាត់កាលពីព្រឹកថ្ងៃ០៩មីនា ឆ្នាំ២០២៤កន្លងទៅនោះ ពេលនេះលុយទាំងអស់នោះ ត្រូវបានមន្ត្រីនគរបាលចរាចរណ៍នោះប្រគល់ឱ្យមកវិញគ្រប់ចំនួន ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។
បុរសដែលអ្នកបើកបររថយន្តដដែល រូបនោះបានបញ្ជាក់ដែលថា៖ កាលឱ្យលុយត្រឡប់មកវិញ ពីសំណាក់មន្រ្តីនគរបាលចរាចរណ៍គោលដៅកំពង់សិលា ធ្វើឡើងបន្ទាប់ពីសារព័ត៌មានចុះផ្សាយជុំវិញការផាកពិន័យដោយមិនមានវិក័យប័ត្រ និងភាពមិនប្រក្រតីក្នុងការអនុវត្តច្បាប់។
សូមរំលឹកឱ្យដឹងថា៖ «កាលពីវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បុរសម្នាក់ជាអ្នកបើកបរ រថយន្តសាំយុង ស្លាកលេខ ភ្នំពេញ 2AA-6542 បានបើកបររថយន្តនៅលើផ្លូវល្បឿនលឿនឆ្ពោះពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ លុះដល់ចំណុចគីឡូម៉ែត្រលេខ ១៤៤ ក៏បើកបញ្ច្រាសត្រលប់ក្រោយបន្តិចដើម្បីចុះស្រាប់តែពេលនោះមានជនស៊ីវិលម្នាក់ឃាត់រថយន្តនិងហាមមិនឱ្យគាត់បើកបរទៅណានោះទេ ដោយឲ្យរង់ចាំមន្ត្រីនគរបាលចរាចរណ៍មកសិន។ ទើបមួយសន្ទុះក្រោយមកក៏មានមន្ត្រីនគរបាលចរាចរណ៍ គោលដៅកំពង់សិលា ចំនួន៣នាក់បានមកនាំយករថយន្តនិង រូបគាត់ ដែលជាតៃកុងឡានទៅកាន់ប៉ុស្តិ៍គោលដៅកំពង់សិលា ដោយដល់ក្នុងប៉ុស្តិ៍មានមន្ត្រីចរាចរណ៍សរុប៥នាក់។
ហើយមន្ត្រីចរាចរណ៍នោះក៏បានសួរនាំរកប័ណ្ណបើកបរ ស្រាប់តែគាត់ឲ្យមើលប័ណ្ណបើកបរ ស្រាប់តែមន្ត្រីចរាចរណ៍ប្រាប់ថាប័ណ្ណបើកបរក្លែងក្លាយ និងបានប្រាប់រូបគាត់ថា ការក្លែងបន្លំប័ណ្ណបើកបរអាចជាប់គុក ចាប់ពី ២ឆ្នាំ រហូតដល់ទៅ ៥ឆ្នាំ។
ក្រោយមកមន្ត្រីនគរបាលចរាចរណ៍បានទារលុយពីរូបគាត់ដែលជាតៃកុងរថយន្ត ជាទឹកប្រាក់ចំនួន 500$ ដើម្បីជាថ្នូរមិនយកទោសពៃ និងឲ្យឆាប់បានត្រឡប់ទៅវិញ។ ពេលនោះតៃកុងឡានគ្មានលុយ ទើបសម្រេចចិត្តឲ្យក្រុមគ្រួសារ យកម៉ូតូទៅបញ្ចាំដើម្បីផ្ញើលុយទៅដោះស្រាយខ្លួន។ ពេលបញ្ចាំម៉ូតូបានលុយហើយក៏បានសម្របសម្រួលឲ្យចុះតម្លៃត្រឹម 450$ ប៉ុន្តែលុយដែលបានបង់ឲ្យទៅមន្ត្រីចរាចរណ៍គឺពុំមានវិក័យប័ត្របញ្ជាក់ណាមួយនោះទេ (ពោលគឺប្រគល់លុយបើកឡានចេញ) ដែលមហាជនតែងតែហៅថារបៀបការរកតាមជំនាញពុករលួ»។
យ៉ាងណាមិញករណីនេះ យើងឃើញថាមន្ត្រីនគរបាលចរាចរណ៍គោលដៅកំពង់សិលា ក៏បានសម្រេចចិត្ត ប្រគល់លុយ 450$ គ្រប់ចំនួនឱ្យទៅបុរសដែលជាតៃកុងរថយន្ត និងជាម្ចាស់លុយវិញ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់៕
No comments