អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យមើលទីតាំង ដែលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងបានលិចនាសម័យសង្គ្រាម
អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យមើលទីតាំង ដែលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងបានលិចនាសម័យសង្គ្រាម
កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងបានលិចនាសម័យសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ត្រូវបានកំលាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានបើកប្រតិបត្តិការ ស្រង់បានពីនាវាចម្បាំង ដែលលិចជាមួយនាវាចំណាស់ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន កន្លងមកថា៖ «ឥឡូវនេះក្រុមការងារកំពុងតែសម្រុកដោយហេតុថាក្រុមរបស់យើងបានចូលទៅដល់ក្នុងទីតាំងនាវាដែលបានលិចនោះហើយ ហើយបើគិតមកដល់ ពេល នេះក្រុមការងារយើងប្រមូល និងស្រង់បានសរុបជាង ៥តោនហើយ…! គ្រាប់កប់ក្នុងនាវាចម្បាំងនេះមានច្រើនណាស់»។
លោកមេបញ្ជាការអោយដឹងទៀតថា គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៥តោន រួមមាន៖ គ្រាប់ត្បាល់ ៨២មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រសរុបជាង ៣០០កេសធំ។
ឧត្តមសេនីយ៍ទោ ម៉ី សុភា បានបន្ថែមថា «បើតាមគោលការណ៍នឹងបញ្ចប់នៅក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០២១ ឱ្យបានមុនរដូវវស្សាចូលមកដល់ ប៉ុន្តែចំណុចនេះគឺជាផែនការរបស់ក្រុមការងារជំនាញ តែដោយឡែកសម្រាប់ស្ថានភាពជាក់ស្តែងក្រុមការងារជំនាញមិនអាចសន្និដ្ឋានបានទាំងស្រុងនោះទេ ព្រោះទំហំនាវាចម្បាំងមួយនេះមានទំហំធំ ហើយយើងក៏មិនអាចប៉ាន់ ប្រមាណ នៃទម្ងន់គ្រាប់សរុបនៅក្នុងនាវានោះទេ ។ យើងនឹងចាប់ផ្តើមសម្រុកយកនៅក្នុងសប្តាហ៍នេះ គឺនៅក្នុងគ្លុបទី១ សម្រាប់នាវាចម្បាំងមួយនេះ មានចំនួន៤ គ្លុប។
លោកមេបញ្ជាការ បានគូស បញ្ជាក់ដែរថា សម្រាប់គ្រាប់យុទ្ធភណ្ឌដែលបានរកឃើញនៅក្នុងគ្លុបទី១ ខាងលើអាចមានគ្រាប់យុទ្ធភណ្ឌចាប់ពី ១០តោន ទៅ ២០តោនឯណោះ ដូច្នេះគ្រាប់យុទ្ធភណ្ឌទាំងនេះ គឺមានចំនួនច្រើន ប៉ុន្តែ បើទោះបីជាចំនួនគ្រាប់ច្រើនយ៉ាងណាក៏ដោយ កម្លាំងជំនាញ នឹងខិតខំប្រឹងសម្រេចកិច្ចការងារនេះ ឱ្យរួចរាល់តាមគោលការណ៍ នៅក្នុងកិច្ច ប្រតិបត្តិការ ដែលមានភាពស្មុគ្រស្មាញ និងប្រឈមចំពោះការគ្រោះថ្នាក់ក្នុង កិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយនេះយ៉ាងណាក៏ដោយ ក្រុមការងារយើងបានបែងចែកយ៉ាងយកចិត្តទុកដាក់បំផុត ទៅតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ។
ក្នុងឱកាសចុះជួបក្រុមការងារបច្ចេកទេសបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម បានសម្តែងនូវការអរគុណ រីករាយ ហើយបានផ្តាំផ្ញើដល់ក្រុមការងារបច្ចេកទេសទាំងអស់ រួមនឹងអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមក្នុងសកម្មភាពនេះដោយប្រុងប្រយ័ត្ន និងធានាបាននូវសុខសុវត្ថិភាព៕











No comments