ដើមឈើ និងផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ ត្រូវបានខ្យល់កន្ទ្រាក់បកបោក រងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅខេត្តកែប
ដើមឈើ និងផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ ត្រូវបានខ្យល់កន្ទ្រាក់បកបោក រងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅខេត្តកែប
ខេត្តកែប៖ ក្រោយពីក្រសួងធនធានទឹក និងឧត្តុនិយម បានធ្វើសេចក្តីប្រកាសក៏ដូចជាផ្សព្វផ្សាយតាមបណ្ដាញសង្គមនិងណែនាំទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសខេត្តកែបឲ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យផ្តើមដោយសារគ្រោះមហន្តរាយពីធម្មជាតិនោះ ស្រាប់តែមានករណីខ្យល់កន្ទ្រាក់បក់បោករលំដើមឈើនិងផ្ទះពលរដ្ឋអស់ជាច្រើននៅភូមិសាស្ត្រទឹកដីខេត្តកែប។ ដោយហេតុការណ៍នេះបានកើតឡើងនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប និងស្រុកដំណាក់ចង្អើរខេត្តកែប។
ចំពោះឧបទ្ទវហេតុខាងលើ បានកើតឡើង នៅវេលាម៉ោង ២និង 00នាទី រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំនិងខ្យល់កន្ត្រាក់ផ្គររន្ទះបណ្ដាលឱ្យរលំបង្គោលភ្លើង ដើមឈើ ជាច្រើនដើម ព្រមទាំងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់មួយចំនួនធំ និងរងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអស់មួយចំនួនផងដែរ។
បើតាមប្រភពពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានដឹងដែរថា ករណីខ្យល់កន្ទ្រាក់ខាងលើនេះ ខាងអាជ្ញាធរមិនទាន់ស្រង់របាយការណ៍ឱ្យបានជាក់លាក់នៅឡើយទេ ព្រោះខណៈនេះមេឃនៅតែបន្តភ្លៀងខ្យល់បន្តបន្ទាប់មិនទាន់ស្រាកស្រាន្ត។
ប្រភពពីអាជ្ញាធរខាងលើបានបញ្ជាក់ទៀតថា ករណីខ្យល់កន្ទ្រាក់នេះ មិនមែនកើតឡើងតែសង្កាត់អូរក្រសារ ក្រុងកែបប៉ុណ្ណោះទេ សូម្បីតែទឹកដីស្រុកដំណាក់ចង្អើរ ក៏មានករណីបែបនេះដែរ ព្រោះថាទឹកដីនៃខេត្តកែប គឺជាតំបន់ជាប់មាត់សមុទ្រ ងាយរងគ្រោះខ្លាំងជាងគេ ដូចនេះអាជ្ញាធរខេត្តកែប សូមសុំណូមពរដល់ពលរដ្ឋទាំងអស់សូមមេត្តា បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដោយប្រការផ្សេងៗ ដែលបង្កឡើងពីគ្រោះមហន្តរាយនៃធម្មជាតិ៕
No comments