រដ្ឋមន្រ្តីក្រសួងព័ត៌មាន អរគុណសប្បុរសជនដែលបានផ្ដល់អំណោយជាថវិកា និងថ្នាំពេទ្យ ដល់ក្រុមការងារចុះជួយប្រជាពលរដ្ឋនៅស្រុកកោះសូទិន
រដ្ឋមន្រ្តីក្រសួងព័ត៌មាន អរគុណសប្បុរសជនដែលបានផ្ដល់អំណោយជាថវិកា និងថ្នាំពេទ្យ ដល់ក្រុមការងារចុះជួយប្រជាពលរដ្ឋនៅស្រុកកោះសូទិន
ភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអរគុណចំពោះឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានផ្តល់ជូននូវថវិកា និងថ្នាំពេទ្យមួយចំនួន ដែលជាតម្រូវការចាំបាច់ ដល់ថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះសូទិន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក តាមបណ្តាខ្នងផ្ទះ រយៈពេល១៤ថ្ងៃ នៅទីនោះ។
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ តែងតែបានផ្តល់ជូនស្បៀងអាហារ សម្ភារប្រើប្រាស់ និងថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅក្នុងស្រុកកោះសូទិនខេត្តកំពង់ចាម ដើម្បីជួយសម្រួលការលំបាករបស់ប្រជា ពលរដ្ឋបានមួយកម្រិតក្នុងអំឡុងនៃធ្វើចត្តាឡីស័ក។
ឯកឧត្តម ឡុង សេង បានបញ្ជាក់ថា ថវិកានិងថ្នាំពេទ្យប្រភេទវីតាមីន ថ្នាំបំបាត់ក្តៅខ្លួន យកមកប្រគល់ជូននាពេលនេះ គឺជាការចូលរួមចំណែកក្នុងសកម្មភាពការងារមនុស្សធម៌ ដើម្បីទុកចែកជូនគ្រួសារប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅមូលដ្ឋាន ក្នុងស្រុកកោះសូទិននេះ និង ទុកជូនមណ្ឌលសុខភាព ស្រុកកោះសូទិនសម្រាប់ព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចូលមកសម្រាកព្យាបាលផងដែរ៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង ៣កុំ»។
No comments