រាជរដ្ឋាភិបាល៖ ច្រានចោល សំណើទិញដីបឹង ជាង១ពាន់ហិកតា ក្នុងស្រុកល្វាឯម សម្រាប់អភិវឌ្ឍជាទីក្រុងរណប
រាជរដ្ឋាភិបាល៖ ច្រានចោល សំណើទិញដីបឹង ជាង១ពាន់ហិកតា ក្នុងស្រុកល្វាឯម សម្រាប់អភិវឌ្ឍជាទីក្រុងរណប
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលនូវសំណើទិញដីបឹងដែលមាន ទំហំ១០០០ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
យោងតាមលិខិតលេខ ៤៦៨ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលសារព័ត៌មានយើងទទួលបានឱ្យដឹងថា៖ ករណីក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ដែលបានស្នើសុំរាជរដ្ឋាភិបាល ទិញដីបឹង ១០០០ហិកតា ក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល សម្រាប់រៀបចំអភិវឌ្ឍ ជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះ ពេលនេះត្រូវបានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលទាំងស្រុងចំពោះសំណើមួយនេះ។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ច្បាស់ថា៖ ត្រូវរក្សាទីតាំងដីដែលក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ ស្នើសុំទិញនោះ ជាផ្ទៃបឹងធម្មជាតិ សម្រាប់បម្រើប្រយោជន៍សាធារណៈ។
បន្ថែមពីនោះទៀត៖ ចាំបាច់ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកឱ្យបានជ្រៅ ដើម្បីរក្សាទឹក។
រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្ដាល ត្រូវបញ្ឈប់ការទទួល និងលើកសំណើដីតំបន់នេះមកទៀត៕
No comments