ក្រសួងសាធារណការរៀបចំគោលនយោបាយគាំទ្ររថយន្តដើរដោយថាមពលអគ្គិសនី
ក្រសួងសាធារណការរៀបចំគោលនយោបាយគាំទ្ររថយន្តដើរដោយថាមពលអគ្គិសនី
ផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៧នាទីភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជា ក្នុងគោលដៅរួមចំណែកដល់ការកាត់បន្ថយការ បញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ខណៈរថយន្តប្រភេទនេះមានលក់នៅកម្ពុជារួចទៅហើយ សម្រាប់ជាមធ្យោបាយធ្វើដំណើរ។ ថ្លែងក្នុងកម្មវិធីពិភាក្សាលើប្រធានបទស្តីពី«អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងកំពុងរៀបចំគោលនយោបាយ ដែលធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូល សម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជា រួមមាន៖ ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានានាំចូលមកកាន់កម្ពុជានូវរថយន្ត ដើរដោយថាមពលអគ្គិសនី ដែលមានគុណភាពល្អ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះថា «ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តី ព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន២០២២-២០៣១ ហើយ សេចក្តីព្រាងគោលនយោបាយជាតិនេះ ត្រូវបានឯកភាពជាគោលការណ៍ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ»។
លោកជំទាវ ធីណា រ៉េដសូវ (Tina Redshaw) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ដោយលោកជំទាវ លើកឡើងថា ការប្រើប្រាស់រថយន្តដើរដោយថាមពលកកើតឡើងវិញនេះ ជួយដល់ការកាត់បន្ថយនូវការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ជួយឱ្យបរិស្ថានស្អាត និងប្រកបដោយបច្ចេកវិទ្យាទំនើបផងដែរ ខណៈរថយន្តប្រើប្រេងឥន្ធនៈកំពុងបំភាយនូវឧស្ម័នកាបូនក្នុងបរិយាកាស។
សូមបញ្ជាក់ថា លោកជំទាវឯកអគ្គរាជទូតចក្រភពអង់គ្លេស បានទទួលរថយន្តដែលដើរដោយថាមពលកកើតឡើងវិញ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ដល់បណ្ដាថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាសាធារណជនទូទៅ ដើម្បីចូលរួមធ្វើឱ្យបរិស្ថានស្អាត ខណៈរថយន្តប្រើប្រេងឥន្ធនៈកំពុងបំពុលខ្យល់ក្នុងបរិយាកាស៕
No comments