អួតខ្លួនថាជាអ្នកខ្លាំង រួចដកកាំភ្លើងខ្លីពីចង្កេះអាមេបញ្ចូលគ្រាប់ ភ្ជង់គេឯងពេញហាង ធ្វើឲ្យភ្ញៀវផ្សេងទៀតរត់ចែកជើងគ្នាប្រសាចពេញផ្លូវ
អួតខ្លួនថាជាអ្នកខ្លាំង រួចដកកាំភ្លើងខ្លីពីចង្កេះអាមេបញ្ចូលគ្រាប់ ភ្ជង់គេឯងពេញហាង ធ្វើឲ្យភ្ញៀវផ្សេងទៀតរត់ចែកជើងគ្នាប្រសាចពេញផ្លូវ
ភ្នំពេញ៖ បុរស២នាក់បានចូលហាងផឹកស៊ី យីហោ វីហ្រេន V-Friend ស្រាប់តែស្រវឹងស្រឿងៗ ដកកាំភ្លើងសំញ៉ែងគេឯងពេញក្នុងហាង ត្រូវបានភ្ញៀវដែលចូលទៅផឹកស៊ីផ្សេងទៀត រាយការណ៍ជូនសមត្ថកិច្ចនគរបាលខណ្ឌចំការមន ចុះទៅឃាត់ខ្លួនយកទៅធ្វើការសួរនាំ កាលពីវេលាម៉ោង១២:៣៥នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំនុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពសន្តិសុខដែលយាមម៉ូតូឡានបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានរួមដំណើរជាមួយបុរសម្នាក់ទៀត ជិះរថយន្តឡិចស៊ីស LEXUS NX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-7125 បានចូលក្នុងហាង ទាំងសភាពស្រវឹងស្រារួចទៅហើយ ដើម្បីផឹកស៊ីបន្តទៀត មិនទាន់បានប៉ុន្មានផង ក៏ស្រែកអួតអាងក្ដែងៗថា គ្មានអ្នកខ្លាំងជាងខ្លួន រួចដកកាំភ្លើងខ្លីពីចង្កេះអាមេបញ្ចូលគ្រាប់ រួចភ្ជង់គេឯងពេញហាង ខណៈភ្ញៀងកំពុងតែផឹកស៊ីទទួលទានឆ្ងាញ់ៗបានរត់ចែកជើងគ្នាប្រសាចពេញផ្លូវ ទើបផ្អើលដល់សមត្ថកិច្ច ។
បច្ចុប្បន្នបុរសដែលដកកាំភ្លើងភ្ជង់គេឯងនោះ ត្រូវបានសមត្ថកិច្ចសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនបន្តតាមនិតិវិធីនៃច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ មហាជនបាននៅរងចាំមើលការអនុវត្តច្បាប់និងបានស្នើសុំឱ្យសមត្ថកិច្ចជួយធ្វើការឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ផង ជៀសវាងមានគេកាងឬប្រើវប្បធម៌អន្តរាគមន៍ដោះលែងជនខិលខូចខាងលើនេះ៕
No comments