បឹងធម្មជាតិ ជាច្រើនកន្លែង នៅស្រុកកងមាស ដែលមានឈ្មួញទុច្ចរិត ឃុបឃិតគ្នាទិញលក់ជាប្រព័ន្ធ ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់_វគ្គ២
បឹងធម្មជាតិ ជាច្រើនកន្លែង នៅស្រុកកងមាស ដែលមានឈ្មួញទុច្ចរិត ឃុបឃិតគ្នាទិញលក់ជាប្រព័ន្ធ ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់_វគ្គ២
ផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣:១៧នាទីកំពង់ចាម៖ បឹងធម្មជាតិជាច្រើនកន្លែង «បឹងត្រាវតូច-បឹងត្រាវធំ-បឹងរោងរាំង និងបឹងផ្សេងៗទៀត» ស្ថិតនៅមូលដ្ឋាន ឃុំកងតាណឹង ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ដែលកំពុងតែរងការបាត់បង់ជាបណ្តើរៗ ដោយសារតែមានឈ្មួញទុច្ចរិត ឃុបឃិតគ្នាជាប្រព័ន្ធ កាត់ជ្វាលក់ ឲ្យទៅឈ្មួញក្រៅស្រុក ដែលមិនស្គាល់អត្តសញ្ញាណ ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់ ខណៈអាជ្ញាធរពាក់ព័ន្ធ ឆ្លើយថាមិនដឹងធើម៉េច ព្រោះជាសិទ្ធិរបស់បុគ្គល។
បើយោងតាមលោក ភោគ សាវុធ អភិបាលស្រុកកងមាស បានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងការលក់បឹងធម្មជាតិ ខាងលើនេះ លោកថាមិនដឹងទេ ហើយរឿងលក់នេះគឺជារឿងបុគ្គលជាសិទ្ធិរបស់ពលរដ្ឋ។ ក្នុងនាមជាអភិបាលស្រុកបែរជាឆ្លើយថាជារឿងបុគ្គល និងជាសិទ្ធិពលរដ្ឋ ខណៈដែលពលរដ្ឋមួយក្តាប់តូចទាំងនោះ កំពុងតែឃុបឃិតគ្នាជាមួយឈ្មួញក្រៅស្រុកលក់បឹង ធម្មជាតិដែលជាសម្បត្តិរដ្ឋ។
ពលរដ្ឋជាច្រើនបានលើកឡើងថា៖ «ក្នុងនាមជាអភិបាលស្រុកគួរតែយកចិត្ដទុកដាក់ចំពោះករណីនេះ ព្រោះបឹងនេះ គឺជាបឹងធម្មជាតិរបស់រដ្ឋ មិនគួរឆ្លើយថាជារឿងបុគ្គល និងជាសិទ្ធិពលរដ្ឋនោះទេ គួរតែមានវិធានការទប់ស្កាត់ ព្រោះករណីនេះគឺជាបទល្មើស»។
រីឯលោក ឆាយ ឆុំ មេឃុំកងតាណឹង បានឲ្យដឹងថា មេខ្លោងរបស់ក្រុមឈ្មួញទុច្ចរិតដែលទិញបឹងទាំងនោះ មានអំណាចខ្លាំងណាស់ សូម្បីតែមុខ និងឈ្មោះ ក៏មិនទាន់ស្គាល់ដែរ ចំណែកឯពលរដ្ឋមួយក្តាប់តូចដែលឈរឈ្មោះលក់បឹងនោះ គាត់មិនព្រមបញ្ចេញអត្តសញ្ញាណនោះទេ (ពោលគឺ គាត់ឆ្លើយថាមិនដឹង)។
ទាក់ទិនទៅនឹងករណីលក់បឹងធម្មជាតិ ខាងលើនេះ ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើន កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអនាគតសុខទុក្ខរបស់ពួកគាត់ និងក្មេងៗជំនាន់ក្រោយ ព្រោះគ្មានបឹងសម្រាប់អាស្រ័យផល។
យ៉ាងណាមិញប្រជាពលរដ្ឋជាច្រើននៅតែទទួចស្នើសុំដល់ លោក ភោគ សាវុធ អភិបាលស្រុកកងមាស និងអាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័ន សូមមេត្តាដឹកនាំកម្លាំងជំនាញចុះស៊ើបអង្កេតអំពីករណីខាងលើផង៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងនឹងរងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664/077906664
No comments