ស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅ និងត្រូវបើកឲ្យដំណើរការ ឆ្លងកាត់ជាបណ្ដោះអាសន្ននៅរយៈពេលឆាប់ៗខាងមុខនេះ
ស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅ និងត្រូវបើកឲ្យដំណើរការ ឆ្លងកាត់ជាបណ្ដោះអាសន្ននៅរយៈពេលឆាប់ៗខាងមុខនេះ
ផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧:២០នាទីភ្នំពេញ៖ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩៨ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះនឹងរួចរាល់ជាស្ថាពរ ដើម្បីដាក់អោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញដឹកនាំមន្ត្រីជំនាញ ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះ ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។
ឯកឧត្ដមបានជំរុញការងារដែលនៅសេសសល់ឲ្យបានរួចរាល់ក្នុងរយៈពេល ០៥ថ្ងៃ ទៀត ដើម្បីសុំគោលការណ៍បើកប្រើប្រាស់ជាបណ្ដោះអាសន្ននិងពិនិត្យមើលស្ថានភាពនៃការដាក់ទីតាំងវេទិកាបើកសម្ពោធស្ពានអាកាសនេះជាផ្លូវការក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលខាងមុខ។ ប៉ុន្តែឯកឧត្ដមអភិបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលថ្មីខាងលើនេះនឹងធ្វើឡើងនៅថ្ងៃណានោះទេ។
ឯកឧត្ដមបានបញ្ជាក់ថា៖ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ការដ្ឋានទាំងមូលបានសម្រេចប្រមាណ៩៨ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀតការដ្ឋានមួយនេះនឹងស្ថាបនាបានរួចរាល់ ហើយរដ្ឋបាលរាជធានី គ្រោងនឹងសុំគោលការណ៍ទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបើកអោយដំណើរការជាបណ្ដោះអាសន្ន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ហើយនៅពេលវេលាដ៏សមគួរមួយរដ្ឋបាលរាជធានីភ្នំពេញនិងសុំគោលការណ៍សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រី ដើម្បីអញ្ជើញសម្តេចតេជោ ជាអធិបតីភាព បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃស្ពានអាកាសថ្មីនៅរង្វង់មូលចោមចៅនេះជាផ្លូវការតែម្តង។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ពីភាពយឺតយ៉ាវបណ្តាលមកពីបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដែលធ្វើអោយកម្មករក៏ដូចជាអ្នកទទួលការសាងសង់នអូសបន្លាយពេល ប៉ុន្តែទោះបីជាយ៉ាងណាក្តីស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងអាចអោយប្រជាពលរដ្ឋបាលឆ្លងកាត់ជាបណ្តោះអាសន្ននៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។
គួរបញ្ជាក់ថា៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លាអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ៕
No comments