ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យ ចំកណ្តាលក្រុងបាវិត ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់
ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យ ចំកណ្តាលក្រុងបាវិត ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់
ផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៣:២៩នាទីខេត្តស្វាយរៀង៖ ស្ថិតនៅចំកណ្តាលក្រុងបាវិតមានទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យ ដោយគ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនមាន់ជល់ និងអាប៉ោង ខាងលើនេះមានម្ចាស់ឈ្មោះ ពូម៉ាប់ ដែលគេដឹងថាជាមនុស្សមានអំណាចឥទ្ធិពលខ្លាំង តែងតែដើរធ្វើព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ពីកន្លែងមួយទៅកន្លែងមួយ។
ប្រភពព័ត៌មានបានបន្ថែមទៀតថា៖ ទីតាំងសង្វៀនជល់មាន់ មួយនេះ មានបំពាក់កម្លាំងការពារ ដោយប្រើប្រាស់សន្តិសុខយាមច្រកចេញចូលមិនឲ្យសារព័តមានណាម្នាក់ចូលផ្តិតយករូបភាពបានទេ។
ចំណែកឯលោក លឹម សៀងហេង អភិបាលក្រុងបាវិត ហើយនិងលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ហាក់ដូចជាមិនខ្វល់ពីបញ្ហាអសន្តិសុខ ដែលកំពុងតែកើតឡើងក្នុងដែនគ្រប់គ្រងរបស់ខ្លួនសោះឡើយ ដោយទូរស័ព្ទខលចូលបែរជាគ្មានអ្នកលើក នេះដូចជាបណ្តែតបណ្ដោយពេកហើយ។
ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានទីតាំងល្បែងស៊ីសងដ៏ធំមួយកន្លែងនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់ប្រាក់រាប់រយពាន់ដុល្លារ ព្រោះថាល្បែងស៊ីសងនេះគឺជាដើមចមនៃការបង្កបង្កើតបទល្មើសជាច្រើនដូចជា លួច ឆក់ ប្លន់ ហិង្សាជាដើម។
ជុំវិញការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋខាងលើនេះ អាជ្ញាធរស្រុកនិងសមត្ថកិច្ចក្នុងមូលដ្ឋាន កំពុងតែបិទទូរស័ព្ទដេកលង់លក់ដោយមិនខ្វល់ខ្វាយពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋសោះ។
ពលរដ្ឋជាច្រើនសូមអំពាវនាវដល់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ហើយនិងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង សូមមេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
No comments