លោក ឈឿន ប៊ុនឆន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ស្ថានីយ៍ វិទ្យុទាក់ទងខុសច្បាប់
លោក ឈឿន ប៊ុនឆន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ស្ថានីយ៍ វិទ្យុទាក់ទងខុសច្បាប់
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទងចំណុះឲ្យអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចុះរុះរើល ដោយទម្លាក់ម៉ាស៊ីនផ្សព្វផ្សាយវិទ្យុប្រមាណជា ២០០គ្រឿង ដែលផ្តល់ឱ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់ដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា៖ «ប្រតិបត្តិការណ៍ថ្ងៃទី១ជួបការប្រឈមខ្លះៗ ក៏ប៉ុន្តែកម្លាំងចំរុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគមនាគមន៍កម្ពុជា នគរបាលជាតិ បានសម្រេចគោលដៅប្រកបដោយផ្លែផ្កា»។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្ថែមឲ្យដឹងដែរថា៖ «ស្ថានីយ៍វិទ្យុទាក់ទងខុសច្បាប់ជាច្រើនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងតិចតួចចាប់បង្ខំរុះរើទម្លាក់។ ម៉ាស៉ីនផ្សាយប្រមាណ២០០គ្រឿង ( Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ៥០០០គ្រឿងត្រូវបិទបញ្ចប់»។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏បានលើកឡើងពីចំហររបស់ក្រុមការងារលោកថា៖ «យើងខ្ញុំនឹងបន្តធ្វើរហូតប្រាកដថា ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយត្រូវបានសម្អាតស្អាតអស់ទូទាំងរាជធានីភ្នំពេញ និងជំហានបន្ទាប់ទូទាំងប្រទេស»។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្រមានដោយសង្គត់ធ្ងន់ថា៖ «និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ស្ថានីយ៍ខុសច្បាប់ទាំងឡាយណា ដែលមិនស្រូតទម្លាក់ចុះដោយខ្លួនឯង ដោយបញ្ជូនសំណុំរឿងទៅតុលាការដោយមិនធ្វើការអប់រំដូចដំបូងៗនេះឡើយ»។
ក្នុងនោះផងដែរ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏សូមឲ្យមានការយល់យោគ និងសហការដើម្បីសង្គមជាតិយើង៕
No comments