កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ
បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម ពីជនរងគ្រោះពាក់ព័ន្ធទៅនឹងករណីកាប់ប្លន់យកម៉ូតូ លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់កម្លាំងនគរបាលជំនាញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យជាច្រើននាក់។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២២ៈ០០នាទី មានករណីកាប់ប្លន់ប្រព្រឹត្តដោយជនសង្ស័យមួយក្រុម ជិះម៉ូតូដេញធាក់ផ្តួលហើយកាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូម៉ាក C125ពណ៍ក្រហមផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1S 6129។
កម្លាំងនគរបាលជំនាញស្រាវជ្រាវរហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០៣នាទី ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
បន្ទាប់មកទៀតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួននៅត្រង់ចំនុចម្ដុំវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ។
ជនសង្ស័យរួមមាន៖
ទី១ឈ្មោះ ឡី យ៉េត ហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបុរីធីស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ទី២ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៣ឈ្មោះ អ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អុរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៤ឈ្មោះ យីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៥ ឈ្មោះ ហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៦ ឈ្មោះសុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៧ ឈ្មោះផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សម្ភារៈវត្ថុតាងមាន កាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូចំនួន៤គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ រួចយកមកអធិការដ្ឋានដើម្បីសួរនាំ។
ជនសង្ស័យទាំង៨នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។
សមត្ថកិច្ចបានបញ្ជាក់ដែរថា ជនសង្ស័យទាំង៨នាក់ខាងលើ ជាមុខសញ្ញាកាប់គេ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។
លុះបន្ទាប់មកនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៥នាក់ទៀត នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទី១ឈ្មោះ ហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ទី២ ឈ្មោះឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ទី៣ ឈ្មោះលី ដា ហៅកាក់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ទី៤ឈ្មោះចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ទី៥ឈ្មោះផល ផាសិទ្ធ ហៅជ្រុយ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ជនសង្ស័យទាំងប្រាំនាក់ខាងលើ ជាមុខសញ្ញាកាប់ និងឆក់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។ កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង១៣នាក់ខាងលើ ព្រមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី៕
No comments