តើពិតទេ.? មូលហេតុដែលមន្ទីរពេទ្យគ្មានច្បាប់ អាចបើកដំណើរការបានដោយរលូន នៅរាជធានីភ្នំពេញ ដោយសារបង់ប្រាក់ក្នុងមួយឆ្នាំ៥ពាន់ដុល្លារ ឱ្យទៅអ្នកឈរនៅពីក្រោយខ្នង_វគ្គ៧
តើពិតទេ.? មូលហេតុដែលមន្ទីរពេទ្យគ្មានច្បាប់ អាចបើកដំណើរការបានដោយរលូន នៅរាជធានីភ្នំពេញ ដោយសារបង់ប្រាក់ក្នុងមួយឆ្នាំ៥ពាន់ដុល្លារ ឱ្យទៅអ្នកឈរនៅពីក្រោយខ្នង_វគ្គ៧
ដឹងច្បាស់ហើយថានៅរាជធានីភ្នំពេញ បានបែកធ្លាយព័ត៌មានអំពីមន្ទីរពេទ្យចំនួន២កន្លែង ស្ថិតនៅខណ្ឌឬស្សីកែវ និងខណ្ឌមានជ័យ បានបើកដំណើរការដោយរលូននិងគ្មានច្បាប់អនុញ្ញាតពីក្រសួងពាក់ព័ន្ធ ដោយទីតាំងនោះស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ និងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលមានយីហោ «មន្ទីរពហុព្យាបាល សម្ភព កែវ ការីណូ» និង «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» ដោយមន្ទីរពេទ្យ២កន្លែងនេះ បានយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ជាឈ្មោះខ្មោច) យកមកប្រើប្រាស់ដោយគ្មានការរំខានដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធផ្នែកសុខាភិបាលរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីអ្នកជិតស្និទ្ធជាមួយលោក កែវ ពិសិដ្ឋ ដែលជាម្ចាស់ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» ដែលជាមន្ទីរពេទ្យខុសច្បាប់ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានលើកឡើងថា មន្ទីរពេទ្យពាក់ព័ន្ធទាំង២ខាងលើនេះ មិនមានច្បាប់នោះទេ គឺលួចលាក់បើកគ្រាន់បានលុយចែកគ្នាចាយ។
ប្រភពដដែលបានបញ្ជាក់ច្បាស់ថា៖ «មូលហេតុដែលមន្ទីរពេទ្យខុសច្បាប់នេះអាចបើកដំណើរការបានដោយរលូន គឺដោយសារតែមានការបង់ប្រាក់ចំនួន ៥ពាន់ដុល្លារ (5000$) ក្នុង១ឆ្នាំ ឱ្យទៅអ្នកដែលឈរឈ្មោះនៅពីក្រោយខ្នង»។
ក្រលេកមកមើលមន្ទីរពហុព្យាបាល កែវ សារីណូ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ នៅតែអាចបន្តបើកដំណើរការបានដោយរលូន ទោះបីជាមានបញ្ជាថាឱ្យបិទដំណើរការជាស្ថាពរ ពីលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ មន្ទីរពហុព្យាបាលជំងឺទូទៅខុសច្បាប់ដែលយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច) យកមកបើកអាជីវកម្មមន្ទីរពេទ្យខុសច្បាប់ ទាំងអស់នេះ ត្រូវបាន លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់សារព័ត៌មានយើងថា ឱ្យបិទទាំងអស់ហើយ គឺមិនត្រូវឱ្យមានការទទួលព្យាបាលអ្នកជំងឺបន្តទៀតនោះទេ។
លោក ងឺ មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រូបនេះបានបញ្ជាក់ទៀតថា៖ ប្រសិនបើមន្ទីរពេទ្យខុសច្បាប់ទាំងនោះនៅតែបន្តទទួលយកអ្នកជំងឺមកព្យាបាលសូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយចាត់វិធានការបន្ទាន់។
ចំណែកឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅខណ្ឌឬស្សីកែវ បានប្រាប់សារព័ត៌មានយើង «មិនអាចចាត់វិធានការចំពោះមន្ទីរពេទ្យនោះបានទេ ព្រោះគ្មានលិខិតស្នាមផ្សេងៗពីខាងក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល មកបញ្ជាក់ដល់អាជ្ញាធរពាក់ព័ន្ធនោះទេ ដូចច្នេះហើយអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានប៉ះពាល់ឡើយ ពោលគឺ៖ ខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជាមិនបានប្រាប់មកខាងអាជ្ញាធរមានសមត្ថកិច្ចឱ្យមានការទប់ស្កាត់ចំពោះមន្ទីរពេទ្យខុសច្បាប់ទាំងនោះ។
ករណីនេះមហាជនជាច្រើនមានការងឿងឆ្ងល់ថា «មន្ទីរពេទ្យខុសច្បាប់ និងបានបញ្ជាឱ្យបិទ មិនឱ្យទទួលអ្នកជំងឺ ចុះហេតុអ្វីនៅតែអាចបើកដំណើរការបានដោយរលូន និងមានទទួលអ្នកជំងឺដោយគឃ្លើន តើបញ្ហាទាំងនេះអ្នកណាទទួលខុសត្រូវចំពោះមុខច្បាប់!
ពាក់ព័ន្ធទៅនឹងមន្ទីរពេទ្យខុសច្បាប់នៅអាចបើកដំណើរការដោយរលូនខាងលើនេះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបន្ថែមបានទេ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ព្រោះលោកឆ្លើយថាជាប់ប្រជុំ។
ចំណែកឯរឿងបង់ប្រាក់ចំនួន ៥ពាន់ដុល្លារ 5000$ ក្នុង១ឆ្នាំ ឱ្យទៅអ្នកដែលឈរឈ្មោះនៅពីក្រោយ ហាក់ដូចជាមានការពាក់ព័ន្ធខ្លាំងមែន ចំពោះមន្ទីរពេទ្យដែលខុសច្បាប់ហើយ តែបែរជាអាចនៅបន្តបើកដំណើរការបានដោយរលូន និងគ្មានការទប់ស្កាត់ពីអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ។
មហាជនជាច្រើនក៏ដូចជាអ្នកសារព័ត៌មាន ឆ្ងល់យ៉ាងខ្លាំងថា តើ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង មានបានដឹងឬទេ ? ចំពោះមន្ទីរពេទ្យគ្មានច្បាប់នៅរាជធានីភ្នំពេញ កំពុងតែបើកដំណើរការបានដោយរលូន និងគ្មានការទប់ស្កាត់ពីអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ។
មហាជនឆ្ងល់ថា៖ តើមន្ទីរពេទ្យខុសច្បាប់ទាំងនោះ មានអាថ៌កំបាំងអ្វីនៅពីក្រោយទើបបានជាអាចបើកដំណើរការបានដោយគឃ្លើន តើអ្នកណានៅពីក្រោយរឿងលុយ៥ពាន់ដុល្លារក្នុង១ឆ្នាំ។
មហាជនជាច្រើនសុំសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួយចាត់វិធានការចំពោះមន្ទីរពេទ្យដែលគ្មានច្បាប់អនុញ្ញាត ដែលនៅហ៊ានបន្តបើកដំណើរការខាងលើនេះផងទាន។
មហាជនសូមអំពាវនាវទទូចស្នើសុំឱ្យឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមឯកឧត្តមជួយចាត់មន្ត្រីជំនាញបើកការស៊ើបអង្កេតករណីខាងលើនេះផងទាន៕
No comments