មន្ត្រីស័ក្តិ៥ ម្នាក់ ផឹកទឹកបង្ហាញនិស្ស័យពិត រហូតឈានដល់បើករថយន្តបុកអ្នកដំណើរផ្អើលពេញផ្លូវ
មន្ត្រីស័ក្តិ៥ ម្នាក់ ផឹកទឹកបង្ហាញនិស្ស័យពិត រហូតឈានដល់បើករថយន្តបុកអ្នកដំណើរផ្អើលពេញផ្លូវ
ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០:២០នាទីនៅចំណុចផ្លូវជាតិលេខ១ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានរថយន្តម៉ាក Jeep ពាក់ស្លាកលេខ កម្ពុជា BCN-5886 បើកបរដោយបុរសម្នាក់ជាមន្ត្រីស័ក្តិ៥ ឈ្មោះ មុី សំអាត បានបើកបរក្នុងស្ថានភាពស្រវឹងស្រា ទៅបុកផាសអេប PassApp បណ្តាលឱ្យខ្ទេចមួយចំហៀងមុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មន្ត្រីស័ក្តិ៥ ឈ្មោះ មុី សំអាត រូបនោះ បានធ្វើដំណើរលើផ្លូវជាតិលេខ១ ឆ្ពោះពីកៀនស្វាយ ទៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតមកដល់មុខវត្តក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ស្រាប់តែបើករ៉េចង្កូតពេញផ្លូវនិងបុក PassApp រួចបើករត់រហូតដល់ បុក PassApp ជាបន្តបន្ទាប់នៅលើកំណាត់ផ្លូវជាតិលេខ១ ហ្នឹងបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះអ្នកធ្វើដំណើរ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថា៖ បន្ទាប់ពីមានការបើករត់ហើយទៅបុកគេជាបន្តបន្ទាប់ រហូតឈានដល់បែកកង់ឡានលែងទៅមុខរួច ទើបមានការឃាត់រថយន្តនិងជនបង្កបាន ហើយក៏បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
អ្វីដែលកាន់តែហួសចិត្តក្នុងករណីខាងលើនេះដែរ ខាងសារព័ត៌មានយើងទទួលបានថា ជនដែលបង្កហេតុខាងលើនេះត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅផ្ទះធ្វើការវិញជាធម្មតា។
ហើយករណីដោះលែងជនបង្កហេតុខាងលើនេះ លោក រឿន សុជីវី អធិការរង ខណ្ឌច្បារអំពៅ ទទួលផែនការងារចរាចរណ៍ មិនហ៊ានធ្វើការបំភ្លឺជាមួយអ្នកសារព័ត៌មាននោះទេ ខណៈលោក ម៉ៅ សឿត អធិការខណ្ឌ ក៏មិនព្រមលើកទូរស័ព្ទ៕
No comments