ដូរយីហោ ថ្មីហើយ មន្ទីរពេទ្យគ្មានច្បាប់ កែវ ការីណូ ស្ថិតនៅខណ្ឌឬស្សីកែវ_វគ្គ២
ដូរយីហោ ថ្មីហើយ មន្ទីរពេទ្យគ្មានច្បាប់ កែវ ការីណូ ស្ថិតនៅខណ្ឌឬស្សីកែវ_វគ្គ២
ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧:២៦នាទីដោះដូរចេញហើយ ស្លាកយីហោចាស់ ដោះដាក់ស្លាកយីហោថ្មី ដោយមិនទាន់ដឹងយ៉ាងណា ឬយ៉ាងណីនោះទេ ចំពោះមន្ទីរពេទ្យគ្មានច្បាប់ កែវ ការីណូ មួយកន្លែង ដែលមានទីតាំងស្ថិតនៅជាប់ហ្នឹងផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានជាក់ស្ដែងបានឱ្យដឹងថា កាលផ្លាស់ប្តូរស្លាកយីហោចាស់ ផ្លាស់ដាក់យីហោថ្មី របស់មន្ទីរពេទ្យខាងលើ គឺដោយសារតែកន្លងមកមន្ទីរពេទ្យមួយនេះ បើកទទួលពិនិត្យនិងព្យាបាលអ្នកជំងឺ ដោយមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ហើយករណីនេះក៏ត្រូវបានខាងក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធចុះបិទទីតាំងមន្ទីរពេទ្យមិនឲ្យមានការទទួលពិនិត្យនិងព្យាបាលអ្នកជំងឺ កាលពីខែតុលាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាសម្រេចឱ្យមន្ទីរពេទ្យមួយនេះបិទដំណើរការ ស្រាប់តែឃើញថាមន្ទីរពេទ្យមួយនេះកាន់តែផ្គើនដោយបន្តបើកដំណើរការទទួលពិនិត្យនិងព្យាបាលអ្នកជំងឺយ៉ាងគឃ្លើន និងមិនមានការរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចនោះទេ! នេះហាក់ដូចជាមានការលាក់បាំងនៅពីក្រោយខ្លាំងមែនទែន។
សូមបញ្ជាក់ថា៖ មន្ទីរពេទ្យគ្មានច្បាប់ យីហោ «មន្ទីរពហុព្យាបាល កែវការីណូ» ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃើញថាបានផ្លាស់ប្ដូរឈ្មោះយីហោហើយ គឺប្តូរមកឈ្មោះ «មន្ទីរពហុព្យាបាល និងសម្ភព វិចិត្រសោភា» ហើយកាលផ្លាស់ប្ដូរឈ្មោះយីហោនេះដែរ គឺបន្ទាប់ពីបែកធ្លាយជាបន្តបន្ទាប់ជុំវិញការលួចបើកអាជីវកម្មមន្ទីរពេទ្យដោយគ្មានច្បាប់អនុញ្ញាតម្តងហើយម្តងទៀត ដោយគ្មានខ្លាចញញើតច្បាប់បន្តិច សោះឡើយ។
ទោះជាយ៉ាងណាមិញ ការផ្លាស់ប្តូរឈ្មោះយីហោ របស់មន្ទីរពេទ្យខាងលើនេះ ក្រុមការងារខាងសារព័ត៌មានយើងនៅមិនទាន់ដឹងថា មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធផ្សេងទៀតដែរឬយ៉ាងណានោះទេ ហើយមិនទាន់ដឹងថាមានវេជ្ជបណ្ឌិតរូបណា ដែលមកឈរឈ្មោះនៅមន្ទីរពេទ្យមួយនេះដែរ។
ករណីមន្ទីរពេទ្យគ្មានច្បាប់ ហើយបានដូរស្លាកឈ្មោះយីហោថ្មីខាងលើនេះ ខាងសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីម្ចាស់មន្ទីរពេទ្យបាននោះទេ ព្រោះទូរស័ព្ទខលចូលរាល់លើករាល់សាលតែមិនមានការបំភ្លឺនោះទេ ពោលគឺ៖ គ្រាន់ឮតែសំណួរ របស់អ្នកសារព័ត៌មានសួរសុំការបំភ្លឺជុំវិញមានច្បាប់ឬមិនមាន ស្រាប់តែភ័យរហូតដល់បិទទូរស័ព្ទខលលែងលើកតែម្តង។
ចំណែកឯប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានអះអាងប្រាប់សារព័ត៌មានថា «យ៉ាងណាក៏មិនឱ្យមន្ទីរពេទ្យមួយកន្លែងខាងលើនេះបើកដំណើរការបាននោះដែរ! ខណៈពេលលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏មិនព្រមលើកទូរស័ព្ទអ្នកសារព័ត៌មាន ហើយថែមទាំង Block Whatsapp អ្នកសារព័ត៌មានដើម្បីកុំឱ្យផ្តល់ព័ត៌មាន ព្រោះនាំតែរំខាន។
ករណីខាងលើនេះដែរធ្វើឱ្យមហាជនជាច្រើនលើកឡើងតៗគ្នា ដោយដាក់ការសង្ស័យចំៗចំពោះមន្ទីរពេទ្យដែលគ្មានច្បាប់នេះថា «ម្ចាស់មន្ទីរពេទ្យខាងលើនេះប្រហែលជាប្រើស្នៀតឆ្ពិនភ្នែកហើយ គឺគ្រាន់តែរៀបចំឈុតឆាកផ្លាស់ដូរស្លាកយីហោចាស់ ដាក់ស្លាកយីហោថ្មី ដើម្បីបំភ័ន្តភ្នែកសារព័ត៌មាននិងមហាជន ហើយបំណង នោះគឺធ្វើជាលេសឲ្យមហាជននិងថ្នាក់ដឹកនាំគិតឃើញថាមានច្បាប់អនុញ្ញាត តែធាតុពិត អត់មានច្បាប់ដូចជាស្លាកយីហោចាស់ដដែល។
ទោះជាយ៉ាងណាក្តីពាក់ព័ន្ធទៅនឹងករណីខាងលើនេះក្រុមការងារខាងសារព័ត៌មានយើង និងនៅតែបន្តព្យាយាមរងចាំការបកស្រាយបំភ្លឺពីម្ចាស់មន្ទីរពេទ្យ និងមន្ត្រីជំនាញគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ ក្រុមការងារអ្នកសារព័ត៌មានសង្ឃឹមថាម្ចាស់មន្ទីរពេទ្យហ៊ានធ្វើហ្នឹងហ៊ានទទួល ហ៊ានធ្វើហ៊ានបង្ហាញឯកសារពាក់ព័ន្ធ ដើម្បីជៀសវាងការភាន់ច្រឡំដោយការផ្សាយណាមួយ។
មហាជនជាច្រើនក៏សូមអំពាវនាវស្នើដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង សូមមេត្តាពិនិត្យមើលចំពោះមន្ទីរពេទ្យគ្មានច្បាប់ខាងលើដែលបានប្តូរឈ្មោះយីហោថ្មីផងទាន! ក្រោមហេតុផលជៀសវាងមានការក្លែងបន្លំឯកសារណាមួយជាសាធារណៈ ក្នុងការបំភ័ន្តភ្នែកថ្នាក់ដឹកនាំនិងបោកប្រាស់ទំនុកចិត្តមហាជន។ និងស្នើសុំសូមឱ្យមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ សូមជួយពិនិត្យមើលឡើងវិញចំពោះវិជ្ជាជីវៈគ្រូពេទ្យដែលបានកំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យគ្មានច្បាប់ ដែលបានដូរឈ្មោះយីហោខាងលើផង។ ព្រោះឃើញហើយថាមួយរយៈពេលនេះមានករណី ពេទ្យខ្វះវិជ្ជាជីវៈ បានកាត់ពោះវៀនថាជាទងសុក ហើយបានបណ្តាលឱ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដ៏អ្នកជំងឺទៀតផង៕
No comments