ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីនៃវេទិកាពិភាក្សាស្តីពី “ការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន”
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីនៃវេទិកាពិភាក្សាស្តីពី “ការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន”
ភ្នំពេញ៖ វេទិកាពិភាក្សាដើម្បី “ពង្រឹង ក្រមសីលធម៌ នៃ វិជ្ជាជីវៈសារព័ត៌មាន” របស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងមានសមាជិកជាអ្នកសារព័ត៌មាន ចូលរួមជាង ៥០០នាក់។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានឲ្យដឹងថា នេះជាវេទិកាដ៏ធំមួយនៅក្នុងប្រវត្តិនៃវិស័យសារព័ត៌មាន ដែលបើកឲ្យមានការពិភាក្សាវែកញែកអំពី ក្រមសីលធម៌ នៃវិជ្ជាជីវៈ ក្នុងយុគសម័យ ឌីជីថល ថែមទាំងជួយពង្រឹងនូវសមត្ថភាពអ្នកសារព័ត៌មានឲ្យកាន់តែប្រសើរ ពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈ ដែលជាខែលការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់។
លោក ពុយ គា បានលើកឡើងថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ ក្នុងការស្វែងរកការពិត និងគោរពឱ្យបាននូវក្រមសីលធម៌ ព្រោះក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការ ប្រតិបត្តិវិជ្ជាជីវ:របស់អ្នកសារព័ត៌មានក្នុងការងារប្រចាំថ្ងៃ។
លោក ពុយ គា បានលើកឡើងបង្ហាញ ពីក្រមសីលធម៌ដែលតាក់តែង ដោយក្លិបអ្នកកាសែតកម្ពុជា មានចំនួន៩ប្រការ ដោយប្រការជាគោលទី១ ៖ គឺការស្វែងរកនិងរាយការណ៍ព័ត៌មាន ដោយឈរលើគោលការណ៍ការពិតជាក់លាក់ ប្រកបដោយសេចក្ដីថ្លៃថ្នូ , ទី២៖ ការទទួលខុសត្រូវ លើការចុះផ្សាយរបស់ខ្លួន តាមច្បាប់សារព័ត៌មាន , ទី៣៖ ត្រូវរក្សាការសម្ងាត់ជូនប្រភព និងជៀសវាងប៉ះពាល់ដល់ សេចក្ដីថ្លៃថ្នូ កិត្តិយស និងសុវត្ថិភាពរបស់បុគ្គលជាម្ចាស់ប្រភព , ទី៤ ៖ សិទ្ធិឯកត្តបុគ្គល , ទី៥ ៖ ការគោរពសិទ្ធិស្រ្តី កុមារ និងជនពិការភាព , ទី៦ ៖ ការរើសអើង , ទី៧ ៖ ការសូកប៉ាន់ ,ទី៨ ៖ ការរាយការណ៍ពីអំពើបទល្មើស ត្រូវធ្វើបុរេវិនិច្ឆ័យក្នុងអត្ថបទ ឬសេចក្ដីរាយការណ៍ អំពីបទឧក្រិដ្ឋកំពុងស្ថិតក្រោមការស៊ើបអង្កេត និងចៀសវាងផ្សាយលម្អិត ការប៉ុនប៉ងធ្វើឃាត ការធ្វើឃាត ដែលមានលក្ខណៈហួសប្រមាណ និង ទី៩ ៖ តួនាទីនិងគុណធម៌ ក្នុងកាលៈទេសៈខ្លះ អ្នកសារព័ត៌មាន គួរពិចារណាត្រូវជួយសង្គ្រោះជនរងគ្រោះ ជាមុន ប្រសិនបើស្ថិតក្នុងស្ថានការណ៍ចាំបាច់ ដែលជនរងគ្រោះត្រូវការជំនួយភ្លាមៗ ឬត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយជនរងគ្រោះ។
សូមជម្រាបថា វេទិកាពិភាក្សាវែកញែកស្តីពី “ការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន” ដោយមានការចូលរួម ចែករំលែកបទពិសោធន៍ ពីសារព័ត៌មានជើងចាស់ ដែលមានបទពិសោធន៍ ទាំងខ្មែរនិង បរទេសមកពី (បារាំង អូស្រ្តាលី អាឡឺម៉ង់ អេស្បាញនិងថៃ) ប្រមាណ១០រូប និងទទួលអនុសាសន៍ពី ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាគណៈអធិបតី ក្នុងអង្គពិធី៕
No comments