ឃាត់ខ្លួនមេតុងទីនដ៏ស្រស់ផូរផង់ម្នាក់បញ្ជូនទៅតុលាការ រឿងលុយប្រមាណ២០ម៉ឺនដុល្លារ

ឃាត់ខ្លួនមេតុងទីនដ៏ស្រស់ផូរផង់ម្នាក់បញ្ជូនទៅតុលាការ រឿងលុយប្រមាណ២០ម៉ឺនដុល្លារ
———————————————
រាជធានីភ្នំពេញ ៖ មេតុងទីនដ៏ស្រស់ផូរផង់ម្នាក់ទៀតហើយ ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺប្រើប្រាស់សែកស្អុយចំនួន២០ម៉ឺនដុល្លារអាមេរិក ។
ជនសង្ស័យខាងលើនេះ មានឈ្មោះ លី គន្ធា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២៨៩ ផ្លូវទន្លេសាប ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ហើយការឃាត់ខ្លួនស្ត្រីមេតុងទីនខាងលើនេះ គឺជាការធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញានៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់កូនតុងទីនម្នាក់ ក្នុងចំណោមកូនតុងទីនរាប់រយនាក់ ដែលនៅចាំកើបលុយក្រោយគេដូច «កើបខ្យល់»។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២២ ជនសង្ស័យឈ្មោះ លី គន្ធា បានដើរប្រមែប្រមូលកៀរគរអាជីវករលក់ដូរ និងមនុស្សរាប់អានគ្នារាប់រយនាក់ ដើម្បីចូលលេងតុងទីនជាមួយ ដោយខ្លួនជាអ្នកធ្វើមេ។ ហើយតុងទីននោះ គឺមានចំនួន៣ខ្សែ ដោយខ្សែទី១ ចាប់លេងក្បាល៣០ដុល្លារ មានសមាជិកចំនួន១៣២នាក់ «មេខ្លួនឯង២០ឈ្មោះ» ដេញរាល់ថ្ងៃ។ ចំណែកខ្សែទី២ គឺចាប់លេងក្បាល៣០ដុល្លារ មានសមាជិកចំនួន៨៨នាក់ «មេខ្លួនឯង៤០ឈ្មោះ» ដេញរាល់ថ្ងៃ។ រីឯខ្សែទី៣វិញ គឺចាប់លេងក្បាល៥០ដុល្លារ មានសមាជិកចំនួន៨១នាក់ «មេខ្លួនឯង៩ឈ្មោះ» ដេញរាល់ថ្ងៃ។
ចំណែកជនសង្ស័យជាមេតុងទីនក៏បានទទួលដែរថា ដើមបណ្តឹងចុងក្រោយដែលចាំកើបលុយនោះ បានលេងជាមួយខ្លួន «ធ្វើមេ» មានក្បាល៣០ ក្បាល៥០ ក្បាល១០០ ក្បាល២០០ ក្បាល៣០០ និងក្បាល៥០០ដុល្លារអាមេរិក ប៉ុន្តែបានដេញយកលុយខ្លះហើយ ហើយនៅសល់ប៉ុន្មានក្បាលទៀត សរុបជាទឹកប្រាក់ប្រហែល ២៦០ ០០០ ដុល្លារអាមេរិក (ម្ភៃប្រាំមួយម៉ឺន) ទុកកើបចុងក្រោយ ប៉ុន្តែនៅទីបំផុតបានត្រឹមកាន់សែកស្អុយដើរជូនទឹកភ្នែក។
ពេលនេះ ជនសង្ស័យកំពុងស្ថិតនៅតំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរ តែបើតាមប្រភពព័ត៌មានបានឲ្យដឹងថា មេតុងទីនដ៏ស្រស់ផូរផង់ខាងលើនេះ ទំនងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ ព្រោះពេលនេះ សូម្បីរកប្រាក់ដើម្បីដាក់តម្កល់ធានាខ្លួនក៏គ្មានដែរ កូនតុងទីនបោ.កតៗគ្នាអស់រីងរៃពីខ្លួនទៅហើយ ដូច្នោះមានតែដេកផ្សងព្រេងតាមវាសនារៀងៗខ្លួនទៅ រួមទាំងអ្នកមានលុយចង់បានការប្រាក់៕



No comments