បេីនៅតែផ្គើន! ក្រសួងវប្បធម៌នឹងបញ្ជូនក្រុមអ្នកផលិតវីដេអូអសីលធម៌ទៅសមត្ថកិច្ចចាត់ការតាមច្បាប់
បេីនៅតែផ្គើន! ក្រសួងវប្បធម៌នឹងបញ្ជូនក្រុមអ្នកផលិតវីដេអូអសីលធម៌ទៅសមត្ថកិច្ចចាត់ការតាមច្បាប់
………………………………………………..
រាជធានីភ្នំពេញ ៖ ក្រុមផលិតវីដេអូខ្លីបែបអា.សអាភា.សមួយ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជូនទៅកាន់សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីក្រុមមួយនេះបានផ្គើនទៅនឹងកិច្ចសន្យាជាមួយក្រសួង បន្ទាប់ពីធ្លាប់ទទួលការអប់រំម្តងរួចមកហើយ ឲ្យបញ្ឈប់នូវសកម្មភាពថតឈុតវីដេអូក្នុងរូបភាពបែបនេះបន្តទៀត។
ក្រុមផលិតវីដេអូខ្លី តាមបណ្តាញសង្គមមួយនេះ មានឈ្មោះថា «Bro kdey short film» បានបង្កើតជាវីដេអូខ្លីៗបែបអប់រំ ប៉ុន្តែបង្កប់នូវសកម្មភាពបែបអា.សអាភា.សបង្កឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមសម្តែងការមិនពេញចិត្ត និងបានរិះគន់យ៉ាងចាស់ដៃតែម្តង ។
យ៉ាងណាម៉ិញ ក្រោយការរិះគន់ពីមហាជនជាមួយ នឹងការស្នើឲ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការចំពោះក្រុមផលិតវីដេអូខាងលើនេះក្រសួងវប្បធម៌ និងវិចិត្តសិល្បៈក៏បានចាត់វិធានជាបន្ទាន់មួយ ដោយមិនតម្រូវឲ្យក្រុមផលិតមួយនេះមកទទួលការអប់រំក្នុងក្របខ័ណ្ឌក្រសួងទៀតឡើយ ពោលគឺប្រគល់ឲ្យសមត្ថកិច្ចជាអ្នកចាត់តាមផ្លូវច្បាប់វិញម្តង។
ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក បូរក្ស បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា កន្លងមក ក្រុមផលិតវីដេអូខាងលើនេះ យើងធ្លាប់កោះហៅមកធ្វើការអប់រំម្តងរួចមកហើយ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការធ្វើជាវីដេអូខ្លីដែលមានផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ឬក៏រូបបអា.សអាភា.សជាដើម។
លោកបញ្ជាក់ថា ក្រោយការដែលយើងបានធ្វើកិច្ចសន្យាបញ្ឈប់នេះហើយ យើងក៏ឃើញគាត់នៅបន្តធ្វើ ហេតុដូច្នេះនៅក្នុងរឿងនេះ យើងសម្រេចលែងធ្វើការអប់រំបែបក្របខ័ណ្ឌក្រសួងទៀតហើយ ដោយយើងនឹងរុញករណីនេះទៅកាន់សមត្ថកិច្ចតែម្តង ដើម្បីមានវិធានការដាក់ទម្ងន់លើសពីអ្វីនៃការអប់រំណែនាំ។
យ៉ាងណា បើតាមលោក ប៉ុក បូរក្ស ថា ចំពោះបញ្ហានេះ យើងនៅមិនទាន់មានលទ្ធផលយ៉ាងណានៅឡើយទេ ប៉ុន្តែប្រសិនបើមានវិធានការ និងមានការដាក់ទម្ងន់បែបណាទៅលើក្រុមផលិតវីដេអូខាងលើនេះ យើងនឹងបង្ហាញឲ្យបានដឹង។
ជាការកត់សម្គាល់ កន្លងមក រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ធ្លាប់បានលើកឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បកររួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិ.ង្សាលើស្ត្រី និងកុមារ» តាមរយៈវីដេអូខ្លី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថា ក្រសួងនឹងចាត់វិធានការមួយចំនួនចំពោះផលិតករ សិល្បករណាដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងកុមារ តាមរយៈការហៅមកអប់រំ និងចាត់វិធានការផ្លូវច្បាប់ផ្សេងៗទៀតក្នុងករណីមិនរាងចាល។
លោកជំទាវរដ្ឋមន្ត្រី ក៏បានផ្ដល់ជាអនុសាសន៍ឱ្យអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវតាមដានលើមាតិកាខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជា ប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអា.សអាភា.ស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី ហើយត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គលដែលបង្កហេតុ។
លោកជំទាវបានសង្កត់ធ្ងន់ថា ក្នុងករណីមិនរាងចាល អង្គភាព ឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត ចាត់វិធានការបន្ត៕
No comments