ឃុំខ្លួនអគ្គនាយកមន្ទីរពហុព្យាបាល មេត្រូ អអិលវី ពាក់ព័ន្ធករណីជួញដូរសរីរាង្គ ឆបោកប្រាក់ អ្នកជំងឺសរុបជិត ១លានដុល្លារ
អគ្គនាយកនៃមន្ទីរពហុព្យាបាល មេត្រូ អអិលវី (Metro RLV Polyclinic) នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយស្នងការដ្ឋានខេត្តមណ្ឌលគិរី ស្រាវជ្រាវ និងឃាត់ខ្លនបានពាក់ព័ន្ធករណីជួញដូរសរីរាង្គ (ប្តូរតម្រងនោម) និងឆបោកប្រាក់អ្នកជំងឺសរុបជិត ១លានដុល្លារ ។
បុគ្គលមានឈ្មោះ ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាល មេត្រូ អអិលវី (Metro RLV Polyclinic) នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សចាប់ខ្លួន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជាធានីភ្នំពេញផងដែរ ។
នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា តុលាការបានចាត់ការតាមនីតិវិធី និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាប់ចោទ ឈ្មោះ ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាល មេត្រូ អអិលវី ជាបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែម១ ពាក់ព័ន្ធករណីជួញដូរសរីរាង្គ (តម្រងនោម) ឆបោកប្រាក់ នៅមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី។
សូមរំលឹកថា៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មាន តាមសារព័ត៌មាន ពាក់ព័ន្ធទៅនិងករណីជួញដូរសរីរាង្គ (តម្រងនោម) ឆបោកប្រាក់ នៅមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី (Metro RLV Polyclinic)។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកជំទាវ ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការបំភ្លឺជនរងគ្រោះចំនួន១នាក់ តាមប្រព័ន្ធតេឡេក្រាម ទទួលពាក្យបណ្តឹងជនរងគ្រោះចំនួន១នាក់ និងទទួលពាក្យបណ្តឹងតំណាងឲ្យជនរងគ្រោះចំនួន៦នាក់។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពីលោកជំទាវឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋាន និងសម្របសម្រួល ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនិងឃាត់ខ្លួន ជនប្រព្រឹត្តល្មើស ករណីជួញដូរសរីរាង្គ និងឆបោក នៅឃុំចុងផ្លាស ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី ដោយមានការសហការល្អ ពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
No comments