ទីតាំងបូមខ្សាច់ ដែលគេទំលាយថារបស់ឧកញ៉ា លឹម ផា នៅតែបន្តបូមយ៉ាងគឃ្លើន ក្រោយអាជ្ញាធរចុះផ្អាកចំនួនពីរលើកដោយសារអត់ច្បាប់
ខេត្តកណ្តាល៖ ទីតាំងបូមនិងចែកចាយខ្សាច់មួយកន្លែង ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានគេទំលាយថាជារបស់លោក ឧកញ៉ា លឹម ផា ពេលនេះនៅតែបន្តបញ្ចេញសកម្មភាពបូមខ្សាច់យ៉ាងគឃ្លើន ទោះបីជាមានអាជ្ញាធរចុះឲ្យផ្អាកចំនួន២លើក។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា៖ «ទីតាំងបូមខ្សាច់របស់លោក ឧកញ៉ា លឹម ផា រូបនេះ គឺកំពុងតែធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយធ្វើការបូមខ្សាច់ គ្របដណ្ដប់លុបយកដីបឹងព្រែកស្តោ ដែលជាបឹងសម្បត្តិរដ្ឋ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋ»។
ប្រភពដដែលបានបន្តទៀតថា៖ ទីតាំងបូមខ្សាច់របស់ឧកញ៉ាខាងលើរូបនេះ មិនត្រឹមតែបូមគ្របដណ្ដប់លុបយកដីបឹងនោះទេ ថែមទាំងធ្វើការដឹកជញ្ជូននិងចែកចាយខ្សាច់ បង្កលក្ខណៈផ្តល់ការលំបាកចំពោះសុវត្ថិភាពសារធារណៈ (ពោលគឺ ដឹកខ្សាច់ប្រើប្រាស់រថយន្តធុនធំលើសទម្ងន់ គ្មានស្តង់ដារបច្ចេកទេស ជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់សម្បត្តិសាធារណៈ។
ទោះបីជាយ៉ាងណាទីតាំងបូមខ្សាច់របស់ឧកញ៉ាខាងលើរូបនេះ ធ្លាប់ត្រូវបានអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យនិងផ្អាកចំនួន២លើក និងឲ្យឈប់ធ្វើសកម្មភាពបូមខ្សាច់បន្តទៀត ក្រោយរកឃើញថាមិនមានច្បាប់អនុញ្ញាត។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសូមសំណូមពរទៅកាន់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឃឹម សុភារ អភិបាលក្រុងតាខ្មៅ និងមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធសូមជួយអន្តរាគមន៍ទប់ស្កាត់ចំពោះទីតាំងបូមខ្សាច់ខាងលើនេះផង៕
No comments