បុគ្គលសង្ឃបុិច សុវណ្ណ គង់នៅវត្តច្រកសង្កែ ដែលពុទ្ធបរិស័ទគោរពទុកជាចៅអធិការវត្ត ពេលនេះបានរត់ចោលវត្ត ដោយមិនដឹងទៅសម្ងំនៅទីណានោះទេ
បុគ្គលសង្ឃបុិច សុវណ្ណ គង់នៅវត្តច្រកសង្កែ ដែលពុទ្ធបរិស័ទគោរពទុកជាចៅអធិការវត្ត ពេលនេះបានរត់ចោលវត្ត ដោយមិនដឹងទៅសម្ងំនៅទីណានោះទេ
ព្រះសង្ឃមួយអង្គព្រះនាម បុិច សុវណ្ណ (ហៅអែម) គង់នៅវត្តច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលពុទ្ធបរិស័ទចំណុះជើងវត្ដទាំងជិតឆ្ងាយ គោរពទុកជាចៅអធិការវត្ត អស់រយៈពេលជាង៤ឆ្នាំ ពេលនេះបានកំពុង ដាក់មេប្រូចរត់ចោលវត្ត ដោយមិនដឹងទៅសម្ងំនៅទីកន្លែងណានោះទេ។
តាមប្រភពព័ត៌មាន៖ មូលហេតុដែលបុគ្គលជាសង្ឃអង្គនេះរត់ចោលវត្ត គឺក្រោយពីព្រះសង្ឃអង្គនេះធ្វើឲ្យកូនក្រមុំអ្នកស្រុក ចំនួនពីរនាក់មានផ្ទៃពោះ ២ខែទាំងពីរនាក់ក្នុងផ្ទៃ។
ករណីនេះនារីរងគ្រោះ និងក្រុមគ្រួសារ បានដាក់បណ្តឹងចូលទៅកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ដើម្បីឲ្យអន្តរាគមន៍តាមនិតិវិធីច្បាប់។ ភ្លាមៗនោះសមត្ថកិច្ចក៏បានធ្វើការ តាមនីតិវិធីដោយសួរនាំភាគីពាក់ព័ន្ធរហូតភាគីពាក់ព័ន្ធមានការត្រូវរ៉ូវគ្នានិងបញ្ចប់រឿង ដោយព្រះសង្ឃអង្គនោះបានសងជំងឺចិត្តដល់នារីរងគ្រោះ ចំនួន ៧ ពាន់ដុល្លារ។
ក្រោយមានការត្រូវរ៉ូវគ្នា រវាងជនរងគ្រោះ និងបុគ្គលជាសង្ឃ ព្រះនាម បុិច សុវណ្ណ (ហៅអែម) និងមានការសងជាជំងឺចិត្តរួចរាល់ហើយនោះ សមត្ថកិច្ចឃុំស្វាយជុក នៃអធិដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ក៏សម្រេចចិត្តឲ្យបុគ្គលសង្ឃអង្គនោះត្រឡប់ទៅវត្តជាធម្មតាវិញ និងទុកវិធានការបន្ទាប់ឲ្យធម្មការស្រុកចាត់វិធានការតាមផ្លូវច្បាប់បន្ត។
ពាក់ព័ន្ធករណីខាងលើនេះអនុគណស្រុកសាមគ្គីមានជ័យ ក៏មិនមានវិធានការតាមផ្លូវច្បាប់ភ្លាមៗនោះទេ ទៅបុគ្គលសង្ឃកំហូចអង្គនោះ ដោយទុកនិងបណ្តោយឲ្យព្រះសង្ឃកំហូចនេះរត់គេចព្រះកាយបាត់ស្រមោល។ មិនតែប៉ុណ្ណោះបុគ្គលជាសង្ឃអង្គនោះ បាននាំយកព្រះសង្ឃដែលជាកូននេនតូចៗ ចំនួន៣អង្គរត់ទៅជាមួយដោយមិនដឹងថាមានគោលបំណងអ្វី និងទៅសម្ងំនៅទីកន្លែងណា?
ករណីនេះពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខកូននេនតូចៗ ដែលព្រះសង្ឃនាំរត់ទៅជាមួយ ដោយសូមអំពាវនាវទទូចស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាជួយស្វែងរកបុគ្គលសង្ឃដែលប្រព្រឹត្តអំពើល្មើសច្បាប់ខាងលើនេះយកមកចាត់វិធានការតាមផ្លូវច្បាប់ផង។ និងស្នើសុំដល់តាមបណ្តាទីវត្តអារាមទូលទាំងព្រះរាជាណាចក្រកម្ពុជា សូមជួយឲ្យព្រះសង្ឃអង្គនេះចូលខ្លួនមកទទួលទោសតាមច្បាប់ ប្រសិនបើឃើញព្រះសង្ឃអង្គនេះទៅគង់ស្នាក់អាស្រ័យ និងសូមឲ្យនាំយកកូននេនៗតូច ត្រឡប់មកវត្តវិញផង៕
No comments