រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយព្រែកប្រា ជាង២០០គ្រួសារ បានទៅរស់នៅ នៅទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់
រាជធានីភ្នំពេញ៖ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី , រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឲ្យប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រា ជាង២០០គ្រួសារ បានទៅរស់នៅនៅទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀត ដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្តយ៉ាងខ្លាំង។
ដើម្បីឲ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រានេះ ដើម្បីឈានទៅធ្វើការស្ដារក៏ដូចជាស្ថាបនា និងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះមានផ្លូវបេតុងស្អាតរួចរាល់។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ជាយុទ្ធសាស្ត្រស្ដារប្រឡាយ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឲ្យប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយចំនួនជាង២០០គ្រួសារ ទៅរស់នៅទីតាំងមួយដែលរដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់កម្មសិទ្ធិស្របច្បាប់ជូន ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀត ដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្ត និង រីករាយសហការជាមួយអាជ្ញាធរយើង ដែលធ្វើអោយយើងអាចបំពេញភារកិច្ច អភិបាលកិច្ចជូនប្រជាពលរដ្ឋដើម្បីរំដោះទឹក។
ឯកឧត្តមឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យនិងធ្វើការសិក្សានៅទីតាំងខាងលើនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យដំណើរការនៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយនេះ ឲ្យបានលឿនមុនរដូវវស្សាមកដល់ ។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយប្រឡាយនេះរួចរាល់ យើងក៏និងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ។
ហើយប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើ លំនៅដ្ឋានចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំង ដោះដូរមួយកន្លែងនៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ៤ម៉ែត្រកន្លះគុណនិង១៥ម៉ែត្រក្នុងមួយគ្រួសារ ជាមួយនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមានទាំងការធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូផងដែរ។
គួរបញ្ជាក់ថា ប្រឡាយព្រែកប្រា នេះមានទទឹងពី៣០ម៉ែត្រទៅ៥០ម៉ែត្រដោយកន្លែង ហើយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញពីនៅប្រឡាយមានប្រវែងជាង១គីឡូម៉ែត្រ៕
No comments