ឥទ្ធិពល ឡាយ សុផល យកដីសារធារណៈ ជួលឱ្យអាជីវករ ធ្វើអាជីវកម្ម ក្នុងតម្លៃ ៤០មុឺនរៀល រហូតដល់ ៥០មុឺនរៀល ក្នុង១ខែ

រាជធានីភ្នំពេញ៖ សន្តិសុខប្រចាំតំបន់ ឡាយ សុផល ពិតជាមានសមត្ថភាព ខ្លាំងមិនធម្មតាមែន អាចយកដីសារធារណៈ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជួលឱ្យអាជីវករ ធ្វើអាជីវកម្ម ក្នុងតម្លៃ ៤០មុឺនរៀល រហូតដល់ ៥០មុឺនរៀល ក្នុង១ខែ។
បច្ចុប្បន្នកាលពីដើមខែមករា ឆ្នាំ២០២៥ នេះ ត្រូវបានបែកធ្លាយ រឿងគុបគិតគ្នារបស់ ឡាយ សុផល បន្ទាប់ពីអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ប្រើកណ្តាប់ដៃដែកបំបែកវាំងននខ្មៅ ចុះអនុវត្តរុះរើវាយកម្ទេចសំយាប និងសំណង់ខុសច្បាប់ ដែលសាងសង់ រំលោភបំពានយកដីចំណីផ្លូវសាធារណៈ។
ក្រោយពីអាជ្ញាធរ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះរុះរើនិងរកឃើញថាមានបុគ្គល ឡាយ សុផល មុខរបរជាសន្តិសុខរោងចក្រ បានយកដីចំណីផ្លូវមកធ្វើអាជីវកម្មផ្ទាល់ខ្លួន និងយកលុយដាក់ហោប៉ៅ ដោយយកដីជួរបន្តទៅឱ្យអាជីវករលក់ដូរ ក្នុងតម្លៃប្រចាំខែ ៤០មុឺនរៀល រហូតដល់ ៥០មុឺនរៀល។
ប្រភពខ្លះបានទម្លាយឲ្យដឹងថា អាជីវករលក់ដូរ ភាគច្រើន ឲ្យតម្លៃទៅលើបុគ្គល ឡាយ សុផល ខ្លាំងណាស់ ពីព្រោះ ឡាយ សុផល រូបនេះ គឺជាស្តេចត្រាញ់ប្រចាំតំបន់នោះ ពោល បើមិនឲ្យតម្លៃគាត់គឺពិបាករកស៊ី ខ្លាំងណាស់។
យ៉ាងណាក្រោយពីមានការបែកធ្លាយ ឡាយ សុផល ក៏បានសំដែងក្តីអស់សង្ឃឹម និងបានអង្វរទៅថ្នាក់ដឹកនាំដើម្បីលើកលែងទោស រហូតទៅដល់មានឃាត់ខ្លួនពីសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

No comments