ក្រសួងបរិស្ថានចុះសិក្សាស្រាវជ្រាវ “ទន្លេផែន” នៅលើកំពូលភ្នំសំកុស

ក្រសួងបរិស្ថានចុះសិក្សាស្រាវជ្រាវ “ទន្លេផែន” នៅលើកំពូលភ្នំសំកុស
ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:៣២នាទីមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានចុះសិក្សាស្រាវជ្រាវនៅតំបន់ផ្ទៃទឹក បឹងដ៏ធំ និងមានសម្រស់ដ៏ស្រស់ស្អាត ដែលគេឱ្យឈ្មោះថា បឹងអូរជាំ ឬអ្នកខ្លះហៅថាទន្លេផែន កំពុងស្ថិតនៅសភាពជាអាថ៌កំបាំង កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ និង ទីយ៉ាងខ្ពស់នៅលើកំពូលជួរភ្នំសំកុស ដែលស្ថិតនៅក្នុងតំបន់ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបង។
ទន្លេផែនដែលបានបង្កប់ខ្លួនទៅទីយ៉ាងខ្ពស់ និងស្ថិតនៅក្នុងព្រៃយ៉ាងជ្រៅនេះ ស្ថិតនៅត្រង់លើ កំពូលភ្នំអូរជាំ ដែលជារមណីយដ្ឋានធម្មជាតិស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដ បាត់ដំបង មានចម្ងាយ ៨០គីឡូម៉ែត្រពីទីរួមខេត្ដ ស្ថិតក្នុងភូមិ អូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
បេសកកម្មចុះស្រាវជ្រាវនេះ បានដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន , ឯកឧត្តម ខ្វែ អាទិត្យា អនុរដ្ឋលេខា ធិការក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងមន្រ្តីឧទ្យានុរក្ស ចុះពិនិត្យនិងសិក្សាសក្តានុពលធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក កត បូរាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ការរកឃើញទន្លេផែន បឹងធម្មជាតិដ៏ធំ នៅលើកំពូលភ្នំសំកុស នឹងនាំឱ្យការពង្រឹងបន្ថែមទៀតលើការការពារនិងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែមដល់សេដ្ឋកិច្ចជាតិ និងដល់សហគមន៍មូលដ្ឋាន។ លោកបានបញ្ជាក់ថា ទីកន្លែងនេះមិនត្រឹមតែសម្បូរទៅដោយ សក្តានុពលធម្មជាតិទេ តែនៅសម្បូរទៅដោយសត្វព្រៃពិសេសសត្វស្វា ទោចនៅពេលទៅដល់កន្លែងនេះវាបានស្រែកយំទ្រហឹងព្រៃតែម្តង។
ប្រធានមន្ទីររូបនេះបានបញ្ជាក់បន្ថែមថា ទន្លេផែនមានប្រវត្តិដ៏យូរលង់ ហើយបង្កប់ទៅដោយអាថ៌កំបាំង តែពេលនេះក្រុមការងារបានចុះស្រាវជ្រាវឃើញដោយផ្ទាល់ពិតជាអស្ចារ្យ ហើយលោកសង្ឃឹម ថា ថ្ងៃខាងមុខនឹងក្លាយជាតំបន់ទេសចរណ៍សម្រាប់អ្នកដំណើរកម្សាន្តផ្សងព្រេង។ ទីបឹងធំវាពិតជាអស្ចារ្យមិនត្រឹមតែសម្បូរទៅដោយដើមឈើធំៗបង្ហាញនូវសម្រស់ស្រស់ត្រកាល ទេសភាពល្អឯក នោះទេ នៅជាទីកន្លែងបរិសុទ្ធគ្មាននរណាមកដល់បានដោយងាយឡើយ ពីព្រោះសំខាន់គ្មានផ្លូវ ,ត្រូវដើរកាត់ព្រៃភ្នំឡើងចុះតាំងតែពីព្រឹកព្រលឹមរហូតដល់ម៉ោង៥ល្ងាចទើបទៅដល់។
ទាក់ទិននឹងបឹងស្ថិតនៅលើ កំពូលភ្នំ ហើយកម្រមានមនុស្សទៅដល់កន្លែងនេះដែរ ត្រូវបានលោក វឹង វ៉ឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំដែលបានទៅដល់ទីកន្លែងបឹងមួយនេះឱ្យដឹងថា លោកធ្លាប់ជូនដំណើរ អ្នកស្រាវជ្រាវ និងអ្នកដំណើរកម្សាន្តផ្សងព្រេងដែរ ប៉ុន្តែមិនញឹកញយទេពោលគឺ ១ឆ្នាំឬ២ឆ្នាំទើបបានឡើងទៅម្តង។ កន្លងមកមានអ្នកស្រាវជ្រាវតិចតួចបានទៅដល់បឹងនេះ ពីព្រោះថាការធ្វើដំណើរទៅ ជួបការលំបាកខ្លាំង និងឆ្ងាយផង។ តាមពិតបឹងនេះផ្តល់សក្តានុពលធនធានទឹកយ៉ាងសម្បើម និងថែមទាំងមានសក្តានុពលទាក់ទាញផ្នែកទេសចរណ៍ថែមទៀត។
អតីតកងទ័ពខ្មែរក្រហមរូបនេះបានឱ្យដឹងបន្ថែមថា៖”ទេសភាពនៅតំបន់បឹងកន្លែងនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ មានព្រៃស្រោង មានសត្វច្រើនប្រភេទ ក្នុងនេះពិសេសសត្វស្វា សត្វទោច ហើយឱ្យតែដល់ម៉ោង ៤ រសៀលសត្វទោចស្រែកយំទ្រហឹងអឺងកងតែម្តង។សត្វទោចមានទាំងពណ៌ ប្រផេះ ខ្មៅ និងខ្លះស។ បើយើងចង់ថតសត្វទោចឬស្វាអាចទៅកាន់កន្លែងនេះបាន។ក្រៅពីនេះក៏សម្បូរ ទៅដោយឱសថបុរាណច្រើនប្រភេទ គេអាចយកមកធ្វើថ្នាំបុរាណព្យាបាលរោគជំងឺក៏មិនចេះខ្វះដែរ”។
ទាក់ទិនក្នុងរឿងនេះដែរ លោក គឹម សុង ប្រធានសហគមន៍តំបន់ ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថា ទឹកធ្លាក់អូរជាំ ជាទីកន្លែងទឹកធ្លាក់ដ៏ល្អឯកមួយកន្លែង ដែលមានទឹកហូរមិនចេះរីងស្ងួតឡើយដោយសារថាបានមកពីប្រភពទឹក បឹងដ៏ធំមួយកន្លែង នេះឯង។ លោកបានរៀបរាប់ឱ្យដឹងថា “ទឹកបឹងនេះគេឱ្យឈ្មោះថាបឹងអូរជាំ ឬអ្នកខ្លះហៅថាទន្លេផែន ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំទំហំប្រមាណជិត៣ហិកតា ដោយបានបង្ហូរទម្លាក់កាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ មកក្រោមបង្កើតជាផ្ទាំងទស្សនីយ ភាពគួរឱ្យគយគន់ណាស់”។
ប្រធានសហគមន៍រូបនេះ បានបន្តឱ្យដឹងថា “បឹងមួយកន្លែងនេះតាម ពិតមិនសូវមានអ្នកទៅដល់ទេដោយសារវាស្ថិតនៅលើកំពូលភ្នំ ហើយបានបង្ហូរទឹកគ្រប់រដូវកាល ដែលធ្វើឱ្យទឹកធ្លាក់អូរជាំមានខួបប្រាំងវស្សា”។ បើតាមលោកប្រធានសហគមន៍អូរជាំបានឱ្យដឹងបន្ថែមថា បើតាមការ ស្រាវជ្រាវទឹកបឹងមួយកន្លែងនេះមានជម្រៅប្រមាណ២០-៣០ម៉ែត្រ និងមានទំហំជិត៣ហិកតា។បច្ចុប្បន្នមានមនុស្សតិចតួចណាស់បានទៅដល់ ហើយបានស្គាល់។អ្នកស្រុកនៅទីនេះ ក៏កម្រអ្នកទៅ ដល់ និងបានឃើញដោយផ្ទាល់ដែរ៕






No comments