ទំនិញគេចពន្ធដឹកចូលតាម ច្រកទ្វារព្រំដែនកម្ពុជាវៀតណាមភ្នំដិន ខណៈមន្ត្រីគយប្រចាំច្រកអង្គុយរាប់រយឡើងវិលមុខ

ទំនិញគ្រប់ប្រភេទហូរចូលតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-វៀតណាមភ្នំដិន ដោយធ្វើការឆ្លងកាត់និងស្តុកទុកនៅម្តុំបរិវេនផ្សារទំលាប់ដែលមានចម្ងាយប្រមាណជា៣គីឡូម៉ែត្រពីច្រកទ្វារព្រំដែន ប៉ុន្តែមន្ត្រីគយប្រចាំច្រកទ្វារព្រំដែន កំពុងអង្គុយរាប់លុយច្រកបេទាំងខ្ទាស់ៗ ដោយមិនព្រមអនុវត្តកាតព្វកិច្ចតួនាទីការងារខ្លួនជាមន្ត្រីត្រួតពិនិត្យនោះទេ!! ពោលគឺ៖ បណ្តែតបណ្ដោយឲ្យទំនិញគេចពន្ធនិងទំនិញគ្មានគុណភាពទាំងអស់នោះហូរចូលមកកម្ពុជាយ៉ាងស្អុយរលួយតែម្តង។
យោងតាមការឲ្យដឹងពីអាជីវករលក់ដូរនៅតំបន់ផ្សារទំលាប់ស្រុកគិរីវង់ ខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់សារព័ត៌មានថា៖ ជារៀងរាល់ថ្ងៃក្នុងចន្លោះម៉ោងជាង៣ល្ងាចរហូតដល់យប់ជ្រៅគឺមានទំនិញហូរចូលពីវៀតណាមមកកាន់កម្ពុជាជាច្រើន ដឹកជញ្ជូនយ៉ាងសំពីងសំពោងតាមរថយន្តរ៉ឺម៉កម៉ូតូ តាមច្រកព្រំដែនភ្នំឌិន រួចក៏បន្តមកស្តុកទុកនៅតាមឃ្លាំងក្នុងភូមិសាស្ត្រផ្សារទំលាប់ រួចដឹកចែកចាយបន្តទៅរាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា៖ នៅក្នុងបរិវេណភូមិសាស្ត្រផ្សារទំលាប់គឺមានឃ្លាំងស្តុកទំនិញជាច្រើនទីតាំង ដែលមានការដឹងឮពីមន្ត្រីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជាវៀតណាមភ្នំដិន ដែលដឹកនាំដោយលោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ!! លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ រូបនេះ ត្រូវបានគេទំលាយជាច្រើនលើកច្រើនសារ ថាលោក ស៊ុន ឆាយ គឺជាមន្ត្រីដែលសល់ទ្រព្យសម្បត្តិជាច្រើន ដែលទ្រព្យសម្បត្តិទាំងនោះសល់តាមរយៈការប្រមូលលុយពីរថយន្តដឹកទំនិញក្នុងភូមិសាស្ត្រខេត្តតាកែវ។
សកម្មភាពនិងការប្រមូលលុយពីឈ្មួញដឹកទំនិញគេចពន្ធក្នុងភូមិសាស្ត្រខេត្តតាកែវនេះ ត្រូវបានមហាជនជាច្រើមចាត់ទុកថាជាការប្រមូលលុយតាមរបៀបពុករលួយដែលតម្រូវឱ្យអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ACU បើកការស៊ើបអង្កេតជាបន្ទាន់ទៅលើករណីនេះ។
ទាក់ទិនទៅនិងករណីខាងលើនេះ ប្រជាពលរដ្ឋស្នើឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតជាបន្ទាន់ ទៅលើមន្ត្រីគយទាំងអស់ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន) និងចាត់វិធានការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ទៅកាន់លោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ។
ប្រជាពលរដ្ឋក៏បានស្នើឱ្យលោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមដឹកនាំមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យផ្លូវច្បាប់លើទីតាំងអាជីវកម្មឃ្លាំងស្តុកទំនិញទាំងអស់ក្នុងភូមិសាស្ត្រផ្សារទំលាប់ផង ដើម្បីត្រួតពិនិត្យលើគុណភាពទំនិញនិងច្បាប់ពន្ធដែលកំពុងលួចស្តុកទុក៕














No comments